(កំពង់ធំ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះថា ​ម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួននៅខេត្តកំពង់ធំ ពាក់ព័ន្ធ​ការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមួយចំនួនតូច ដែលជាព័ត៌មានមិនពិត ​ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។​

សូមជម្រាបថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។

មូលហេតុដែលកងរាជអាវុធលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាននេះ ព្រោះកំឡុងរយៈពេលប៉ុន្មានថ្ងៃនេះ មានគណនីមួយ ឈ្មោះ «យមរាជ លោកកីយ៍» ដែលមានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧ បាននិយាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កងរាជអាវុធហត្ថ។​

តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ​ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី, និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។

ក្នុងសេចក្តីប្រកាសព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន បានជ្រាបថា ការនិយាយរបស់ឈ្មោះ សន សំនៀង នេះពុំមានការពិតទេ។ ចំពោះបុគ្គល និងអ្នកសារព័ត៌មាន ដែលបានយក​ពាក្យសម្តី ឬវីដេអូរបស់ឈ្មោះ សន សំនៀង ទៅផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗ ឬតាមបណ្តាញសង្គម សុំជួយកែតម្រូវឡើងវិញ ស្របតាមច្បាប់ជាធរមាន»