(ព្រៃវែង)៖ និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជាង ១០០នាក់ដឹកនាំផ្ទាល់ដោយលោក ស្តើង សុខុម បេក្ខជនតំណាងរាស្រ្តបំរុងមណ្ឌលខេត្ត ព្រៃវែងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បានចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីបង្រៀនអំពីរបៀបគូសសន្លឹកឆ្នោតនៅឃុំចំនួន៣ក្នុងស្រុកកំចាយមារ។

ក្រុមនិស្សិត បានចំណាយពេលពេញមួយថ្ងៃ ចុះបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ ដើម្បីឲ្យម្ចាស់ឆ្នោតដឹងពីរបៀបគូសលើសន្លឹកឆ្នោតដែលត្រឹមត្រូវ និងទុកជាបានការនៅពេលរាប់សន្លឹកឆ្នោត។ លោក ស្តើង សុខុម បានធ្វើការពន្យល់ថា ទោះជាប្រជាពលរដ្ឋខ្មែរធ្លាប់ឆ្លងកាត់បោះឆ្នោតច្រើនអាណត្តិរាប់ទាំងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និង ទាំងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់តាំងពីឆ្នាំ១៩៩៣ ក៏ដោយ ក៏មានប្រជាពលរដ្ឋខ្លះនៅស្រពេចស្រពិលនៅឡើយពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។

លោកបានបន្តឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរកឃើញសន្លឹកឆ្នោតទុកជាមោឃៈ ឬ ឥតបានការជាច្រើនក្នុងពេលបោះឆ្នោតនាពេលកន្លងទៅ។ ជាក់ស្ដែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ កន្លងមក មានសន្លឹកឆ្នោតឥតបានការជាង ១ភាគរយ នៃចំនួនសន្លឹកឆ្នោតដែលបានបោះរួច។ តួលេខដែលរកឃើញសន្លឹកឆ្នោតខុសច្រើនជាងគេនោះ គឺនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី២ ឆ្នាំ១៩៩៨ ដែលមានសន្លឹកឆ្នោតជាង ៣ភាគរយ។

ក្នុងឱកាសនោះ លោក ស្តើង សុខុម បានពន្យល់ និងណែនាំក្រុមនិស្សិតទាំងអស់ ត្រូវណែនាំប្រជាជនគូសជាក់ស្តែងទៅលើក្រដាសសន្លឹកឆ្នោតដែលជាគំរូ និងរបៀបគូសសន្លឹកឆ្នោតដែលត្រឹមត្រូវសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨។

លោក បានសង្កត់ធ្ងន់លើចំណុចសំខាន់ គឺផ្តោតទៅលើការគូសសន្លឹកឆ្នោត ដែលត្រឹមត្រូវ ដែលអ្នកបោះឆ្នោតត្រូវគូសសញ្ញាគាំទ្រ (សញ្ញាធីក)មួយនៅក្នុងប្រអប់បួនជ្រុងទ្រវែង នៃគណបក្សនយោបាយតែមួយគត់ ដែលខ្លួនពេញចិត្ត ដោយប្រើប៊ិកដែលមាននៅក្នុងបន្ទប់សម្ងាត់ស្រាប់ ឬ ក៏អាចប្រើប៊ិកផ្ទាល់ខ្លួន លើកលែងតែខ្មៅដៃ។ ចំពោះកន្លែងដែលត្រូវគូសសញ្ញាធីក ត្រូវគូសមិនឲ្យលើស ឬ ហៀរចេញទៅក្រៅ ចូលក្នុងប្រអប់នៃគណបក្សផ្សេងនោះទេ បើមិនដូច្នោះសន្លឹកឆ្នោតនោះក្លាយជាសន្លឹកឆ្នោតឥតបានការដោយមិនដឹងខ្លួន។

ជាទូទៅទម្រង់សន្លឹកឆ្នោតដែលចេញដោយ គ.ជ.ប បានដាក់លេខរៀងលំដាប់លំដោយនៃគណបក្សនយោបាយចំនួន២០ ដែលបានឈរឈ្មោះបោះ ឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា។ គណបក្សនយោបាយនីមួយៗត្រូវខណ្ឌដោយខ្សែបន្ទាត់រាងបួនជ្រុងទ្រវែង ហើយក្នុងប្រអប់នោះមានប្រអប់តូចមួយទៀតនៅខាងស្តាំនៃចុងសន្លឹកឆ្នោត សម្រាប់គូសសញ្ញាត្រឹមត្រូវ ឬ សញ្ញាធីក។

លោក ស្តើង សុខុម បានបន្តថា «សន្លឹកឆ្នោតឥតបានការធ្វើឲ្យខាតសន្លឹកឆ្នោត និង បាត់បង់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋម្នាក់ដែលបានបញ្ចេញទៅហើយ បែរជាទុកជាមោឃៈដោយមន្ត្រីបោះឆ្នោតទៅវិញ។ សន្លឹកឆ្នោតរបស់ប្រជាជនម្នាក់ៗវាមានតម្លៃណាស់ហេតុដូចនេះហើយបានជាយើងត្រូវចំណាយពេលវេលា និង ទុនមួយចំនួនធំក្នុងការចុះបង្រៀនប្រជាជនឲ្យបានយល់ និង ចេះឲ្យបានច្បាស់ក្នុងការគូសវាសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ»

បន្ទាប់ពីទទួលបានការណែនាំរួចមកក្រុមនិស្សិតបានចាប់ផ្តើមការងាររបស់ខ្លួនដោយថ្មើរជើង នៅក្នុងឃុំចំនួន៣ គឺឃុំក្របៅ ឃុំត្របែកនិងឃុស៊ាងឃ្វាង ចេញពីខ្នងផ្ទះមួយចូលទៅខ្នងផ្ទះមួយ ជាមួយការពន្យល់ និង ណែនាំពីរបៀងគូស ធីក លើសន្លឹកឆ្នោត និង ផ្តល់ការអនុវត្តជាក់ស្តែងដោយឲ្យប្រជាជនដែលមាន ឈ្មោះ ក្នុងបញ្ជីបោះឆ្នោតគូសសាកល្បងនៅលើគំរូសន្លឹកឆ្នោត មួយសន្លឹកហើយមួយសន្លឹកទៀងរហូតចេះស្ទាត់ទើបបន្តទៅខ្នងផ្ទះមួយជ្សេងទៀត ។ ចប់ភូមិមួយ ចូលទៅក្នុងភូមិមួយ រហូតចប់តាមគោលដៅដែលបានកំណត់។

នៅក្នុងឃុំត្របែកគេសង្កេតឃើញប្រជាជនរស់នៅក្នុងស្ថានភាពមួយដែលមើលទៅមានភាពស្ងប់ស្ងាត់ល្អ ផ្ទះឈើប្រក់ក្បឿងសង់ផុតពីដី រាប់សិបខ្នង មើលទៅហាក់ដូចជាទើបតែសាងសង់រយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ។ នៅក្រោមផ្ទះមានទ្រុងមាន់ ទ្រុងទា និងមានដំណាំបន្លែនៅជុំវិញផ្ទះ និង ផ្ទះខ្លះមាន ទាំងស្រះចិញ្ជឹមត្រីផង។

ទោះបីមិនសូវឃើញមានរថយន្តនៅក្រោមផ្ទះ តែគ្រប់ផ្ទះសុទ្ធតែមានម៉ូតូថ្មីតិចបំផុតក៏មួយគ្រឿងដែរ។ នៅក្នុងឃុំនេះព័ទ្ធជុំវិញទៅ ដោយវាស្រែបៃតង់ស្រង៉ាត់។ ដំបូងគេគិតថាប្រជាជននៅក្នុងភូមិ ឃុំនេះមានបានដោយសារមុខរបរធ្វើស្រែ។ ក៏ប៉ុន្តែតាមពិតពួកគាត់មានជីវភាពធូរធានេះដោយសារតែក្រុមគ្រួសារនីមួយៗមានក្រុមគ្រួសារទៅធ្វើការនៅក្នុងប្រទេសថៃភាគច្រើន។ នៅតាមខ្នងផ្ទះដែលបានឆ្លងកាត់កម្របានជួបក្មេងប្រុសស្រីដែលមានវ័យក្មេងណាស់។ មនុស្សដែលជួបភាគច្រើជាស្រ្តីភេទ ដែលមានវ័យចាប់ពីខ្ទង ៥០ឆ្នាំឡើងទៅ។

ពូ យ៉ន ដែលមានអាយុជាង ៦០ឆ្នាំបានថ្លែងថា គាត់ធ្លាប់បោះឆ្នោត ៥អាណត្តិមកហើយ ហើយគាត់ពិតជាអាចគូសធីក នៅក្នុងសន្លឹកឆ្នោតបានយ៉ាងល្អ។ 

នៅល្ងាចថ្ងៃដដែលបន្ទាប់ពីចំណាយពេលបង្រៀនប្រជាជនគូសសន្លឹកឆ្នោតរួចរាល់ជាការលើកទឹកចិត្តដល់ក្រុមនិស្សិត លោក ស្តើង សុខុម ក៏បានផ្តល់ឱកាសដល់និស្សិតទាំងអស់បានទៅទស្សនកិច្ចនៅកន្លែងផលិត «ទូកង» វែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ «ទូក ង»នេះ មានបណ្ដោយប្រវែង ៨៥ ម៉ែត្រ និង ទទឹងប្រវែង ១, ៥៧ ម៉ែត្រ ដែលផ្ទុកចំណុះទូកចំនួន ១៧៩នាក់។

សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តព្រៃវែងផលិត «ទូកង» បានបញ្ជាក់ថា គោលបំណងនៃការកសាងទូកវែងជាងគេលើពិភពលោកនេះដើម្បីបំបែកឯតទគ្គកម្មកំណត់ត្រាពិភពលោក និង ដើម្បីរំលឹកឡើងវិញស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូកជាមធ្យោបាយមួយក្នុងការការពារទឹកដី។ ការផលិតទូកនេះ ដើម្បីបង្ហាញពីប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូករបស់ខ្មែរតាំងពីសម័យបុរាណ និងជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញឲ្យពិភពលោកទាំងមូលបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយបាន មិនត្រឹមតែកសាងប្រាសាទដ៏អស្ចារ្យរបស់មហាវីរក្សត្រជំនាន់មុនទេ ប៉ុន្តែកូនខ្មែរជំនាន់ក្រោយក៏អាចសាងបានភាពអស្ចារ្យរបស់ខ្លួនដោយឡែកផងដែរ។

តំណាងឲ្យនិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា លោក ស្តើង សុខុម បានបង្ហាញចំណាប់អារម្មណ៍ដោយបានថ្លែងកោតសរសើរ និងគោរពចំ ពោះគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ក្នុងកាជួយលើកតម្កើងកិត្យានុភាពជាតិដោយបង្ហាញពិភពលោកទាំងមូលឲ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ។

លោកបន្តថា ការកសាង «ទូកង» នេះក៏បានជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយក្នុងការថែរក្សានិងអភិរក្សកេរដំណែលពី ដូនតា ហើយក៏ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នា រួបរួមគ្នាជាធ្លុងមួយ តាមរយៈការកសាង ទូក-ង វែងជាងគេចាប់ផ្តើមតាំងពីឈើមួយដើមរហូត ដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ ។ លោក ស្តើង សុខុម បានថ្លែងអំណរគុណចំពោះគណកម្មការកសាង ទូកងវែងជាគេដែលបាន ផ្តល់រូបលោក និង និស្សិតសាកលវិទ្យាល័យ CUS បានមកទស្សនា នាពេលនេះនឹងធ្វើឲ្យយុវជនខ្មែរះអាចបណ្តុះឆន្ទៈនិងនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យសម្រាប់ខ្មែរ៕