(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានប្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា​ (CPP) ឲ្យដឹងថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ សូមសមាជិកបក្សទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ គូសឲ្យចំគណបក្សណា ដែលមានលេខរៀងទី២០ គឺមិនខុសទេ។

ការថ្លែងប្រាប់ដល់សមាជិកបក្ស ក៏ដូចជាប្រជាពលរដ្ឋបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយសមាជិកក្រុមការងារ ប្រធានគណបក្សស្រុក/ឃុំ ជួបសំណេះសំណេលជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋក្នុងភូមិក្រពើប្រាំ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក សំ លាងទ្រី បានថ្លែងបន្តទៀតថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅសល់តែរយៈពេល១៤ថ្ងៃប៉ុណ្ណោះ បានន័យថា នៅសល់តែ២អាទិត្យទៀតទេ ដែលជាថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោកបន្តថា ទន្ទឹមនឹងការបោះឆ្នោតជិតចូលមកដល់នោះ សូមអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមលក្ខណៈទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយនៅពេលគូសសន្លឹកឆ្នោត ត្រូវគូសឲ្យចំគណបក្សនយោបាយណា ដែលមានលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា។

លោក សំ លាងទ្រី បានធ្វើការបញ្ជាក់ផងដែរថា ពេលដែលគូសលើសន្លឹកឆ្នោតដែលមានលេខរៀងទី ២០គ្រប់ៗគ្នាហើយនោះ គណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំប្រទេសបន្តទៅទៀត ហើយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនឹងក្លាយជានាយករដ្ឋមន្ត្រី។ ដូចដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃឃោសនាលើកដំបូងនោះ គឺប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដែលសម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣៕