(ក្រចេះ)៖ លោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ (CPP) បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជាជាង ៤០០នាក់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្នុងឱកាសនោះ លោក វ៉ា ថន បានបញ្ជាក់ថា គោលនយោបាយដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះ នឹងបើកការដ្ឋានធ្វើស្ពានឆ្លងទន្លេទៅត្រើយខាងលិចនៅឃុំជ្រោយបន្ទាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ នៅក្នុងការធ្វើដំណើរឆ្លងទៅមក បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។

លោក វ៉ា ថន បានបន្តថា ការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះដែរ គឺបញ្ចុះថ្លៃភ្លើងឲ្យនៅត្រឹម ៦១០រៀលក្នុង១គីឡូវ៉ាត់ ដែលបច្ចុប្បន្ននេះភ្លើងមានតម្លៃ ៧៥០រៀល ដែលជាការរួមចំណែក ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

បើតាមមន្ត្រីជាន់ខ្ពស់គណបក្សរូបនេះ ការបញ្ចុះថ្លៃទឹក និងថ្លៃភ្លើង និងសេវាសុខាភិបាល គឺផ្ដល់ជូនដល់ប្រជាជនទូទៅ មិនមែនតែសមាជិក គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះទេ។

លោកបន្តទៀតថា ចំពោះប្រជាពលរដ្ឋដែលមានកូនទៅធ្វើការរោងចក្រកាត់ដេរ នៅទីក្រុងភ្នំពេញវិញ បើតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះ គឺឲ្យមានការបើកប្រាក់ខែចំនួនពីរដងក្នុងមួយខែ ក្រៅពីនោះក៏មានការដំឡើងប្រាក់បៀវត្សជូនជារៀងរាល់ឆ្នាំ។ រីឯមន្ត្រីរាជការវិញ ចំពោះលោកគ្រូអ្នកគ្រូ ក៏ត្រូវឲ្យមាន ការបើកប្រាក់ខែពីរដងដែរក្នុង ១ខែផងដែរ៕