(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅលើខ្នងភ្នំប្រាសាទព្រះវិហារ មានរៀបចំពិធីរំលឹកខួបលើកទី១០ នៃការបញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមបរិយាកាសសប្បាយរីករាយ និងមានការសាទរពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ។

នៅក្នុងពិធីនេះ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោកគឹម សេតារា ប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីអជ្ញាធរជាតិប្រាសាទព្រះវិហារគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនរូប។

លោក មាស សុភា បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបបានលើកទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាអបអរសាទរដោយក្តីរំភើប និងពោរពេញដោយមោទនភាពជាតិ ប្រកបដោយទឹកចិត្តស្នេហាជាតិ និងសាមគ្គីជាតិជាធ្លុងមួយ ក្រោយពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា បានសម្រេចប្រកាសដាក់ប្រាសាទព្រះវិហារ របស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

លោកបន្តទៀតថា ជោគជ័យដ៏ធំធេញនេះ គឺជាការសម្រេចចិត្ត និងដាក់ចេញនូវទស្សនៈវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកស្ទួយវប្បធម៌ជាតិលើឆាកអន្តរជាតិ ហើយក៏ជាយុទ្ធសាស្ត្រមួយ ក្នុងការពញាក់ស្មារតីជនរួមជាតិទាំងមូល ឲ្យរួមគ្នាស្រលាញ់ ការពារ ថែរក្សាបេតិកភណ្ឌជាតិឲ្យបានគង់វង្ស។

លោក មាស សុភា បានបន្តទៀតថា ជាមួយគ្នានេះ សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកការទូតដ៏ប៉ិនប្រសព្វ និងជាអ្នកយុទ្ធសាស្ត្រដ៏វាងវៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ យ៉ាងត្រចេះត្រចង់នៅក្នុងសមរភូមិការទូតដ៏លំបាក និងចំណាយពេលជាច្រើនឆ្នាំ រហូតទទួលបានការគាំទ្រពីបណ្តាលប្រទេសនៅក្នុងសកលលោក ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បតិបេតិកភណ្ឌពិភពលោក។ លោកបន្តថា កូនខ្មែរទាំងអស់គ្នាត្រូវប្តេជ្ញាបន្តអនុវត្តតាមមាគ៌ា និងទស្សនៈវិស័យរបស់ សម្តេចតេជោហ៊ុន សែន ដើម្បីថែរក្សា ការពារប្រាសាទ និងធនធានធម្មជាតិជុំវិញប្រាសាទ ឲ្យបានស្ថិតស្ថេរ គង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗ ទៀតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីដ៏អធិកអធមនេះដែរ ក៏មានការលែងព្រាប និងបង្ហោះប៉េងប៉ោង រាប់បាត្រដោយមានព្រះសង្ឃចំនួន១០០អង្គ ព្រមទាំងបានរាំលេងកំសាន្តផងដែរ៕