(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានថ្លែងថា UME ខេត្តកំពង់ចាម នឹងធ្វើម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិលើកទី៦ នៃមហាអនុតំបន់មេគង្គ សម្រាប់ឆ្នាំ២០១៩ ជាប្រយោជន៍ក្នុងការបង្កើនចំណេះដឹងដល់ក្រុមនិស្សិត និងផ្លាស់ប្តូរបទពិសោធន៍ រវាងវាគ្មិនដែលមកពីតាមបណ្តាប្រទេសជាច្រើន។

លោក មួន វាសនា បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅUME សាខាខេត្តកំពង់ចាម ក្រោយពីបានបញ្ចប់ការដឹកនាំក្រុមនិស្សិត ចូលរួមសន្និសីទអន្តរជាតិលើកទី៥ នៃមហាអនុតំបន់មេគង្គឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាស្ថានរ៉ាឆាផាក (RAJAPARK) នាទីក្រុងបាងកកក្នុងប្រទេសថៃ។

លោក មួន វាសនា បានថ្លែងឲ្យដឹងថា ជាលទ្ធផលនៃការចូលរួមសន្និសីទនេះ កម្ពុជាយើងបានធ្វើការបកស្រាយបញ្ហាវិទ្យាសាស្ត្រនៃការគ្រប់គ្រង និងសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍ នៅក្នុងមហាអនុតំបន់មេគង្គ។ លោកបានបន្តថា សន្និសីទអន្តរជាតិនេះ ត្រូវបានអញ្ជើញចូលរួមពីលោកបណ្ឌិត សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត មកពីបណ្តាសាកលវិទ្យាល័យ ស្ថាប័នស្រាជ្រាវ និងអាជីវកម្មជាង៣០ នៅទីក្រុងបាងកក និងសាកលវិទ្យាល័យ ប្រទេសទ្បាវ ប្រទេសឥណ្ឌា អូស្ត្រាលី ញូហ្សេឡែន និងប្រទេសកម្ពុជាយើង គឺUME ខេត្តកំពង់ចាម សរុបជិត២០០នាក់។

នៅក្នុងឱកាសនោះ គណៈកម្មការរៀបចំសន្និសីទ បានសម្រេចផ្តល់ប្រទេសកម្ពុជា គឺUME ខេត្តកំពង់ចាម ធ្វើម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ សម្រាប់ឆ្នាំ២០១៩ ហើយប្រការនេះ លោកសង្ឃឹមថា នឹងមានការធ្វើបទបង្ហាញចំណេះដឹងពីការស្រាវជ្រាវស្នាដៃថ្មីៗ របស់លោកបណ្ឌិត សាស្ត្រាចារ្យ ជាវាគ្មិនមកពីបណ្តាសាកលវិទ្យាល័យនានាជុំវិញពិភពលោកផងដែរ។

ទន្ទឹមនឹងនោះ ក៏មានការពិភាក្សាឯកភាពគ្នារវាងគណៈគ្រប់គ្រង វិទ្យាស្ថានរ៉ាឆាផាកនៅ ទីក្រុងបាងកក និងUME ខេត្តកំពង់ចាម យល់ព្រមគ្នារៀបចំចុះ អនុស្សារណៈយោគយល់គ្នា លើចំណុចសំខាន់ៗដូចជា៖ ផ្លាស់ប្តូរការចុះកម្មសិក្សាធ្វើទស្សនកិច្ចសិក្សារវាងនិស្សិត បុគ្គលិក និងសាស្ត្រាចារ្យ, ចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិលើកម្មវិធីសិក្សាអប់រំ, ចូលរួមកម្មវិធីកិច្ចសហប្រតិបត្តិការអន្តរជាតិលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍, ចូលរួមកម្មវិធីកិច្ចសហប្រតិបត្តិការអន្តរជាតិ ការរៀបសិក្ខាសាលាសន្និសីទអន្តរជាតិ និងវគ្គបណ្តុះបណ្តាលផ្សេងៗ, ធ្វើការផ្លាស់ប្តូរជាសាធារណៈនូវស្នាដៃស្រាវជ្រាវផ្សេងៗ, កិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងៗដែលនឹងកំណត់ជាក់លាក់, និងការយល់ព្រមរបស់ភាគីទាំងពីរពេលក្រោយទៀត៕