(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ តារាសម្តែងស្រីសិចស៊ី កញ្ញា ឌុច លីដា គឺប្រាកដជាមានទស្សនិកជន មិនតិចអ្នកទេស្គាល់រូបនាង ខណៈតារាស្រីរូបនេះ មានភាពលេចធ្លោរខ្លាំង ក្នុងវិស័យសម្តែងភាពយន្តបច្ចុប្បន្ន។ កញ្ញា ឌុច លីដា ក៏ត្រូវបានគេដឹងថា គឺជាតារាស្រីឈានមុខ ខាងថតភាពយន្តស័ក្តិសម ពោរពេញដោយទេពកោសល្យ ជាពិសេសគឺឈុតឆាក ឱបថើប រោលរាល ស្រើបស្រាលនៅលើគ្រែតែម្តង ខណៈមានភាពយន្តខ្លះ នាងថតស្ទើរតែគ្មានសម្លៀកបំពាក់តែម្តង ពោលគឺថតស្រាត ធ្វើឲ្យមហាជនរិះគន់មិនស្ទើរនោះទេ។ យ៉ាងណាមិញ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ​ស្រីស្រស់ ឌុច លីដា បានបកស្រាយថា ក្នុងភាពយន្តនាងមិនមានថតឈុត​ ស្លៀកខ្យល់​ដណ្តប់មេឃ (ស្រាត) នោះទេ តែវា គឺជាបច្ចេកទេសថតប៉ុណ្ណោះ។ មួយវិញទៀត នាងក៏មិនមែនជាចៅស្រីរបស់ លោកតា ហ្គិចអ៊ាវ ហៅ​ឌុច ដែលជាជនចាប់ចោទពាក់ព័ន្ធនឹង បទ ឧក្រិដ្ឋ​កម្ម ប្រឆាំងនឹងមនុស្សជាតិ​ នោះដែរ។

​តាមរយៈបទសម្ភាសន៍ផ្ទាល់ ជាងមួយម៉ោង ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា ឌុច លីដា បានបកស្រាយនូវចម្ងល់របស់ទស្សនិកជនជាច្រើន ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនានា ដោយក្នុងនោះ នាងបានថ្លែងថា «ចា៎..បង! ជាការពិត ជុំវិញ​ការងារ​សម្តែងភាពយន្ត គឺបច្ចុប្បន្នខ្ញុំកំពុងមានភាពមមាញឹក ដោយមានភាពយន្តច្រើនត្រូវថត និងរឿងខ្លះកំពុងចាក់ផ្សាយ ជាបន្តបន្ទាប់ ក្នុងនោះខ្ញុំបានសម្តែងជាតួឯក គឺរឿង «ម្ចាស់ចំការ» និងរឿងមួយចំនួនទៀត។ ជាមួយគ្នានេះ ចំពោះការសម្តែងភាពយន្ត ជាក់ស្តែង គឺតែងតែមានការលំបាកហើយ ជាពិសេសភាពយន្ត ដែលខ្ញុំលំបាកសម្តែង គឺរឿង «កូនពស់កេងកង» ដោយសារតែដូចដែល ទស្សនិកជនបានជ្រាបខ្លះៗហើយ គឺមានពស់ជាច្រើនពាក់នៅលើក្បាល ប៉ុន្តែគ្មានអ្វីពិបាកនោះទេ បើយើងព្យាយាម គឺពេលថតខ្ញុំព្យាយាមគិតថា មិនអីទេៗ ដល់ថ្នាក់ពេលខ្លះ ពស់ចឹកភ្នែកខ្ញុំទៀតផង ប៉ុន្តែមិនអីនោះទេ ព្រោះពស់នោះគ្មានពិស»

ទន្ទឹមគ្នានេះ ពាក់ព័ន្ទនឹងការថតភាពយន្ត ដែលមានឈុត ស្លៀកខ្យល់​ដណ្តប់មេឃ (ឈុតស្រាត) គឺត្រូវបានកញ្ញា ឌុច លីដា ថាគ្រាន់តែជាបច្ចេកទេស ក្នុងការថតតែប៉ុណ្ណោះ ដោយនាងបានបកស្រាយថា «​សម្រាប់ឈុតមួយនេះ ខ្ញុំគិតថា វាពិបាកថត បើទោះបីថា គេមានបច្ចេកក្នុងការថត បិទបាំងកន្លែងសំខាន់ៗដ៏ដោយ ប៉ុន្តែមានអារម្មណ៍ថាល្ហល្ហេវ។ ក្នុងឈុតនេះ គឺខ្ញុំមិនមែនស្រាតទេ គឺគេយករបស់មកបិទ ធ្វើយ៉ាងម៉េចឲ្យមើល គឺដូចស្លៀកខ្យល់ ដណ្តប់មេឃតែម្តង»

មួយវិញទៀត ចំពោះរឿងរ៉ាវ ដែលទស្សនិកជនតែងតែនិយាយតៗគ្នា​ថា ស្រីស្រស់ ឌុច លីដា គឺជា ចៅស្រីរបស់លោក កាំង ហ្គិចអ៊ាវ ហៅឌុច ដែលលោកគឺជា ជនចាប់ចោទពាក់ព័ន្ធ នឹងបទ​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះ ត្រូវបានកញ្ញា ឌុច លីដា បកស្រាយបន្តក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» យ៉ាងដូច្នេះថា « តាមពិតទៅចំពោះរឿងនេះ គឺខ្ញុំសុំបញ្ជាក់ឲ្យបានច្បាស់ថា ខ្ញុំមិនមានជាប់សាច់ឈាមអ្វី ជាមួយនឹងលោកតា កាំង ហ្គិចអ៊ាវ ហៅឌុច នោះទេ ខណៈមានទស្សនិកជនខ្លះសួរខ្ញុំថា កញ្ញា ជាចៅរបស់តាឌុចមែន? ខ្ញុំថា អត់ទេ ព្រោះថាលោកតារបស់ខ្ញុំ គឺមានឈ្មោះថា ឌុច ម៉ូត»​

​ដូច្នេះ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូសម្ភាសន៍ ដូចខាងក្រោមនេះ៖