(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងខណ្ឌ ទូងស្គរបន្ទរសំឡេងដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃការដាក់តំបន់ប្រាសាទព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧។

រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី១៥ កក្កដា ដើម្បីប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភ័ណ្ឌពិភពលោកទាំងពីរនេះ ដែលបានធ្វើឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរតែម្តង។

នៅថ្ងៃនេះ អាជ្ញាធរមូលដ្ឋានគ្រប់កន្លែង ក៏បានរៀបចំពិធីទូងស្គរនេះ ដើម្បីអបអរសាទរ ចំពោះខួបនៃការដាក់បញ្ចូលតំបន់ប្រាសាទទាំងពីរ ជាសម្បត្តិបេតិភណ្ឌពិភពលោកផងដែរ៕