(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ទូងស្គរបន្ទរសំឡេងដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃការដាក់តំបន់ប្រាសាទព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក យ៉ាងច្រើនកុះករ នៅក្នុងបរិវេណនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក គួច​ ចំរើន បានលើកឡើងថា ​កម្ពុជាពិតជាមានមោទកភាពណាស់ ដែលអន្តរជាតិ បានទទួលស្គាល់នូវស្នាដៃ សម្បត្តិបេតិភណ្ឌពិភពលោក មានប្រាសាទព្រះវិហារ​ ប្រាសាទសំបូរព្រៃគុក​ ភ្លេងប្រពៃណី​ របាំប្រពៃណី​ជាច្រើនទៀត​ ដែលបានធ្វើឱ្យពិភពលោកស្គាល់ថាកម្ពុជា មានរបស់របរដ៏អសា្ចរ្យដែលមិនអាចកាត់ថ្លៃបាន ហើយត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាអភិរក្ស និងបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌ ជារបស់មនុស្សជាតិទូទៅ ទូទាំងពិភពលោក គឺមានការចូលរួមពីអង្គការអន្តរជាតិជាច្រើន​ ដើម្បីឱ្យបានដឹងថាស្នាដៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ​ផងដែរ​។

នេះដោយសារប្រទេសជាតិមានសុខសន្តិភាព​ សុវត្ថិភាព​ មានការរីកចម្រើន​ ដែលបានសម្តេចតេជោ​ ហ៊ុន​ សែន​ បានលះបង់ឥតនឿយណាយ ឥតឈប់ឈរដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសមួយប្រកបដោយភាពសុខសាន្ត​ ស្ថេរភាពនយោបាយ​ គ្មានសង្គ្រាម​ និងការការរីកចម្រើន​ ដែលបានទទួលបានស្គាល់ពីអន្តរជាតិ​ ហើយភ្ញៀវអន្តរជាតិ ក៏ចង់ស្គាល់នូវសម្បត្តិវប្បធម៌ជាតិរបស់កម្ពុជា ដោយទាញភ្ញៀវអន្តរជាតិ មកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍វប្បធម៌ និងបានបង្កើននូវកំណើនសេដ្ឋកិច្ចបានមួយកម្រិតទៀតផង។

អភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជនរួមជាតិ​ រួមទាំងភ្ញៀវទេសចរណ៍ ត្រូវចេះស្រឡាញ់វត្ថុបុរាណ សម្បត្តិវប្បធម៍​ ទាំងអស់​ ត្រូវចូលរួមថែរក្សា​បរិស្ថាន​ សម្បត្តិវប្បធម៌ អនាម័យ ព្រោះជារបស់យើងទាំងអស់គ្នា​ឱ្យបានគង់វង្សយូរអង្វែងតទៅទៀត។

គួររំលឹកផងដែរថា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧។

រាជរដ្ឋាភិបាលបានសម្រេច យកថ្ងៃទី១៥ កក្កដា ប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភ័ណ្ឌពិភពលោកទាំងពីរនេះ ដែលបានធ្វើឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរតែម្តង៕