(ក្រចេះ)៖ នគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងនគរបាលស្រុកស្រុកសំបូរ សហការជាមួយមន្ទីរជំនាញ ដឹកនាំដោយ លោក ជា សុភ័ក្រ ព្រះរាជ្ញារងអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ បានចុះបិទទីតាំងផលិតស្រាស១កន្លែង នៅចំណុចភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាបណ្ដោះអាសន្ន បន្ទាប់ពីមានករណីពុលស្រាសបណ្តាលឱ្យមានមនុស្សស្លាប់ និងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

នគរបាលសេដ្ឋកិច្ចខេត្តក្រចេះ បានឱ្យដឹងថា មុននឹងឈានដល់ទៅដល់បិទ ទីតាំងផលិតស្រាសនោះ គឺកម្លាំងនគរបាលសេដ្ឋកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដែលមនុស្សពុលស្រាសស្លាប់ចំនួន២នាក់ នៅស្រុកស្នួល កាលពីថ្ងៃទី១៣ ខែកក្កដា ហើយកសួរនាំរកមូលហេតុ ក៏រកឃើញថា ពួកគេបានទិញស្រាសពីទីតាំងផលិតស្រាសនេះ។ បន្ទាប់មកកម្លាំងជំនាញក៏បានចុះទៅដល់ទីតាំងផលិតស្រាសខាងលើ ព្រមទាំងបានហៅម្ចាស់ផ្ទះធ្វើកិច្ចសន្យាបញ្ឈប់បិទស្រាស នោះបណ្ដោះអាសន្ន។

នគរបាលសេដ្ឋកិច្ចបន្តទៀតថា ម្ចាស់ទីតាំងផលិតស្រាសខាងលើនេះ មានឈ្មោះ ស្រស់ ធា អាយុ៤៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ហើយបានធ្វើការរហូតស្រាសចំនួន១០កាន ក្នុងមួយកានចំណុះ៣០លីត្រ និងស្រាថ្នាំសម្រាប់លក់ប្រចាំថ្ងៃចំនួនកន្លះធុងទឹកសុទ្ធ។

​សូមបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង៤៨នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសង្ស័យពុលស្រាស នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ បានប្រាប់អង្គភាពព័ត៌មាន Fresh News ​ថា ករណីនេះ តាមរោគសញ្ញា គឺបណ្តាលមកពីការពុលស្រាសប្រាកដមែន។ តែយ៉ាងណានោះ វត្ថុវិភាគត្រូវបានមន្រ្តីជំនាញ បានយកមកពិសោធន៍នៅមន្ទីរពិសោធន៍ថ្នាក់ជាតិ​ ដើម្បីបញ្ជាក់កាន់តែច្បាស់៕