(កោះកុង)៖ កម្លាំងអាវុធហត្ថខេត្តកោះកុង បានបើកប្រតិបត្តិការ ចុះបង្ក្រាបមុខសញ្ញាជួយដូរថ្នាំញៀនមួយកន្លែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះស្រ្តីម្នាក់​ ជាអ្នកជួញដូរ និងចែកចាយថ្នាំញៀនយ៉ាងសកម្ម ដោយសមត្ថកិច្ច រឹបអូសថ្នាំញៀនបានចំនួន ២០កញ្ចប់ធំ ជាប្រភេទម៉ាទឹកកក។

ការចុះបើកប្រតិបតិ្តការនេះ បានធ្វើឡើងនៅវេលាម៉ោង ១៣៖២០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចកោះស្នេហ៍ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការសម្របសម្រួលដោយលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា សាលាដំបូងខេត្តកោះកុង និងលោក នួន វត្ថា មេបញ្ជាការរងអាវុធហត្ថខេត្តកោះកុង និងមន្ត្រីក្រោមឱវាទ ១៦នាក់។

លោក នួន វត្ថា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ដោយការអនុវត្តទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ទោ ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង កម្លាំងជំនាញបានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងលក់ដូរ និងរក្សាទុកគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចកោះស្នេហ៍ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់រួមមាន៖ ទី១-ឈ្មោះ ឈិន លី អាយុ២៤ឆ្នាំ ភេទស្រី ដែលមានទីលំនៅភូមិកោះឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ទី២-ឈ្មោះ ហម ថន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅដូចគ្នានឹងជនសង្ស័យ ឈិន លី, ហើយទី៣-ឈ្មោះ ង៉ែត សុភា អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

មេបញ្ជាការរងអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងទៀតថា វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន​ មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួនកញ្ចប់ ២០ធំ និងទូកអូប័រ ១គ្រឿង។ ចំពោះជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕