(ភ្នំពេញ)៖ ការបោះឆ្នោតជាតិនៅប្រទេសកម្ពុជារបស់យើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែងនោះ កាន់តែខិតជិតមកដល់ហើយ។ ការបោះឆ្នោតដោយសន្តិវិធី សេរី ត្រឹមត្រូវ និង យុត្តិធម៌ គឺជាបំណងប្រាថ្នារបស់ប្រជាជនគ្រប់ៗរូបជាម្ចាស់ប្រទេស។ យើងក៏អាចនិយាយបានថា ការបោះឆ្នោតជាតិអាណត្តិទី៦ ឆ្នាំ២០១៨នេះ មិនមែនជាការប្រកួតប្រជែងស្លាប់រស់រវាងខ្មែរនិងខ្មែរនោះឡើយ។ យើងទៅបោះឆ្នោតដើម្បីបញ្ជាក់ថា «យើងជាខ្មែរ» យើងចង់ជ្រើសរើសមេដឹកនាំជាតិដ៏ល្អ។ យើងទៅបោះឆ្នោតដើម្បីឲ្យការអភិវឌ្ឍប្រទេសជាតិយើងកាន់តែលឿន និងរីកចម្រើនឡើង។

ពិភពលោកគ្មានស្តង់ដារ ហើយក៏មិនឥតខ្ចោះនោះទេ។ នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែលការបោះឆ្នោតនៅក្នុងប្រទេសជាតិរបស់ខ្លួន តម្រូវឲ្យមានការប្រថាប់ត្រាទទួលស្គាល់ដោយបរទេសណាមួយនោះឡើយ។ ប៉ុន្តែកម្ពុជា ជាប្រទេសតូច និងជាទឹកដីកំណើតជាទីស្រឡាញ់របស់យើង នៅមិនទាន់អស់ចំហាយនៃការជ្រៀតជ្រែកខាងភូមិសាស្ត្រនយោបាយ និងមនោគមន៍វិជ្ជាពិសពុលរបស់បរទេសដែលមាននិន្នាការប្រឆាំងកម្ពុជាយើងនៅឡើយទេ។

តែជាសំណាងរបស់កម្ពុជាដែរ ដែលប្រជាជនភាគច្រើនលើសលុបកាន់តែមានការយល់ដឹងអំពីបញ្ហានេះ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មានភាពម៉ឹងមាត់ ទន់ភ្លន់ មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាមិត្តជិតខាងលើពិភពលោក ដែលធ្វើឲ្យកម្ពុជា មានមិត្តល្អច្រើនលើសលុបដូចជា ចិន ជប៉ុន រុស្ស៊ី កូរ៉េ មិត្តនៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងនៅអាស៊ីផងដែរ ដែលធ្វើឲ្យកម្លាំងប្រឆាំងកម្ពុជាត្រូវបរាជ័យជាបន្តបន្ទាប់។ ឥឡូវនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយល់ដឹងច្បាស់ពីឧបាយកលប៉ុនប៉ងបន្តបំផ្លាញកម្ពុជា ហើយក៏បានត្រៀមវិធានការគ្រប់គ្រាន់ ដើម្បីគ្រប់គ្រង និងយកឈ្នះលើឧបាកលទុច្ចរិតនេះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រូវសន្តិភាពនិយមនោះទេ។ យើងជាប្រជាជនម្នាក់ៗ មានលទ្ធភាពចូលរួម មានសិទ្ធិចូលរួម និងរួមគ្នារក្សាប្រៀបឈ្នះលើឧបាយកលទុច្ចរិតទាំងឡាយដែលប៉ុនប៉ងបំផ្លាញកម្ពុជាយើង។ ថ្មីៗនេះ ក្រុមប្រឆាំងខុសច្បាប់ និងបរទេសដែលមាននិន្នាការប្រឆាំងកម្ពុជា បានបង្កើនយុទ្ធនាការនិងធ្វើសកម្មភាពដោយសម្ងាត់ និងដោយចំហរ ដើម្បីរារាំងសិទ្ធិបោះឆ្នោត និងឈានទៅបំផ្លាញលទ្ធផលការបោះឆ្នោតថែមទៀត។

យើងទាំងអស់គ្នាអាចនឹកឃើញឡើងវិញថា កន្លងមកក្រុមប្រឆាំងខុសច្បាស់ និងក្រុមឱកាសនិយមតែងតែឆ្លៀតឱកាសយកពេលវេលានៃការបោះឆ្នោតម្តងៗ ដើម្បីធ្វើបាតុកម្ម កុប្បកម្ម អុកឡុក ញុះញុង បំបែកបំបាក់ ហែកហួរជាតិយើង ដោយមិនខ្វល់អ្វីទាំងអស់ រួមទាំងខាងសេដ្ឋកិច្ច ជីវភាពប្រជាជន និងកិត្តិយសជាតិរបស់យើងក៏គេអាចជាន់ឈ្លីតាមអំពើចិត្តដែរ។ គេគ្មានសីលធម៌ និងមិនទទួលខុសត្រូវលើផលវិបាកសង្គមនេះទេ។

ឥឡូវនេះ ជនទុច្ចរិតកំពុងបន្តសកម្មភាពដដែលនេះដូចពីអតីតកាលដែរ ដោយគេខិតខំរារាំងនិងបំផ្លាញការបោះឆ្នោតចាប់តាំងពីដំណាក់កាលឃោសនា ដំណាក់កាលថ្ងៃបោះឆ្នោត និងនៅក្រោយពេលប្រកាសលទ្ធផលឆ្នោត។ ថ្មីៗនេះ គេព្យាយាមបំផ្លាញឆ្នាំងបាយកម្មករដើម្បីបង្ករផលវិបាកសង្គម។ គេកំពុងកសាងកម្លាំងដើម្បីអុកឡុក បង្ករចលាចលបំផ្លាញប្រទេសជាតិយើង។

ក្នុងស្ថានភាពដែលយើងបានដឹងជាមុនរួចហើយនេះ ការឆ្លើយតបដ៏សាមញ្ញ ដោយសន្តិវិធី ដោយម៉ឺងមាត់ និងមានភាពម្ចាស់ការរបស់យើងនោះគឺ៖ យើងជាម្ចាស់ឆ្នោត! យើងជាម្ចាស់ប្រទេស! គឺ៖ «យើងទៅបោះឆ្នោត» ហើយ «យើងរួមគ្នាការពារសន្លឹកឆ្នោតយើង»។ លើសពីនេះ សន្លឹកឆ្នោតរបស់យើងម្នាក់ៗមានតម្លៃបញ្ជាក់ថា៖ «យើងជាខ្មែរ»។ «យើងបានប្រើសិទ្ធិដោយសន្តិវិធីការពារអធិបតេយ្យនិងតម្លៃរបស់ជាតិនិងប្រជាជនយើង»។ ជាពិសេស យើងបានរួមចំណែកជាស្មារតីក្នុងការទប់ស្កាត់និងបំផ្លាញចោលរាល់សកម្មភាពទុច្ចរិតរបស់ពួកប្រឆាំងខុសច្បាប់ និងជនបរទេសដែលមាននិន្នាការប្រឆាំងកម្ពុជា មិនឲ្យមានឱកាសជ្រៀតជ្រែក ឈ្លានពាន និងបំផ្លាញកម្ពុជាជាដាច់ខាត!។

មេរៀនប្រវត្តិសាស្ត្ររបស់ពិភពលោកបានបង្រៀនមកថា វិនាសកម្ម ភ្លើងសង្គ្រាម មហន្តរាយ និងសោកនាដកម្មរបស់ប្រជាជាតិមួយ គឺបានកើតឡើងដោយសារយើងមិនយល់ដឹង មិនបានដឹងមុន និងមិនបានត្រៀមទប់ទល់ជាមុន។ បើយើងដឹងមុនថា ប៉ុល ពត សម្លាប់ប្រជាជនឯង នោះ ប៉ុល ពត គ្មានឱកាសទេ។ តែ ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់រួចហើយ។ ផលវិបាកដែលកើតឡើងតែមួយប៉ព្រិចភ្នែក ដោយការមិនដឹងនេះ ធ្វើឲ្យឆេះប្រទេស និងត្រូវចំណាយពេលរាប់ឆ្នាំកសាងប្រទេសឡើងវិញ។ ឥឡូវនេះ យើងមានឱកាសដឹងច្រើនជាងមុនពីអ្វីជាគ្រោះថ្នាក់បច្ចុប្បន្ននិងទៅអនាគត។ ដូច្នេះ ជាថ្មីម្តងទៀត យើងទាំងអស់គ្នាទៅបោះឆ្នោត ដើម្បីការពារអាយុជីវិតយើង និងការពារអាយុជីវិតប្រទេសជាតិយើង គឺការពារកម្ពុជា៕

ដោយ៖ សេនាជាតិ