(ភ្នំពេញ)៖ ទីបំផុតទៅប្រទេសជប៉ុនបាន ប្រគល់ជូនសម្ភារៈដូចបានសន្យាដល់ គ.ជ.ប ដើម្បីគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ។ សម្ភារៈដែលជប៉ុនប្រគល់ជូន គ.ជ.ប ជារួមមាន៖ ហឹបឆ្នោតចំនួន ១១,០០០ហឹប និងរថយន្តប្រភេទ Pickup សម្រាប់បម្រើការងារឲ្យការបោះឆ្នោតចំនួន ៤០ គ្រឿង។ ជំនួយទាំងនេះ មានតម្លៃជាទឹកប្រាក់ ៨០០ លាន យ៉េន ដែលជប៉ុនបានសន្យាផ្តល់ជូន គ.ជ.ប ដើម្បីគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។

ជំនួយរបស់ជប៉ុនពេលនេះមានអត្ថន័យច្រើនយ៉ាងសម្រាប់កម្ពុជា៖

អត្ថន័យទី១៖ ជំនួយនេះបញ្ជាក់ថា ជប៉ុនឈរនៅខាងអ្នកការពារប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ឥតងាករេ។ ជាជំហរឥតងាករេរបស់រាជរដ្ឋាភិបាលទីក្រុងតូក្យូ គឺដើម្បីបុព្វហេតុលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។

អត្ថន័យទី២៖ ជំនួយរបស់ជប៉ុន បញ្ជាក់ថា មិត្តជប៉ុនជាអ្នកជួយប្រទេសកម្ពុជាពិតប្រាកដគឺជួយប្រជាជនកម្ពុជាដោយស្មោះត្រង់ដោយគ្មានបង្កប់ភាពពិសពុល នៅពីក្រោយខ្នង ដូចប្រទេសខ្លះដែលមានមហិច្ឆតាចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតាមរយៈការប្រើប្រាស់កូនជឹងរបស់ខ្លួនឲ្យមកបង្កបញ្ហាគ្រប់បែបយ៉ាង។ តែលុះដល់កូនជឹងរបស់ខ្លួនមិនបាន ចូលរួមបោះឆ្នោតស្រាប់តែដកជំនួយវិញ។ នេះគេហៅថា ជំនួយហុតទឹកសម្លឹងកាក ប៉ុន្តែ ពេលមើលទៅមិនឃើញកាកក៏ដកចានលែងឲ្យហុត។ ជំនួយបែបនេះខ្មែរមិនត្រូវការទេ តែកម្ពុជាត្រូវការជំនួយស្មោះត្រង់ដូចមិត្តជប៉ុននេះជាដើម គឺជាជំនួយដែលគ្មានចំណង។

អត្ថន័យទី៣៖ ជំនួយរបស់ជប៉ុន ដែលប្រគល់ជូន គ.ជ.ប ពេលនេះជាព្រនង់សំពងពួក ប្រឆាំងដឹកនាំដោយ សម រង្ស៊ី ឲ្យភ្ញាក់ខ្លួនដូចខ្មោច ៧ ថ្ងៃថា ជប៉ុនមិនឈរនៅខាងអ្នកបំផ្លាញ ប្រជាធិបតេយ្យដូចពួកអ្នកកំពុងធ្វើសព្វថ្ងៃនេះឡើយ។ សម រង្ស៊ី និងបក្សពួក គួរតែភ្ញាក់ខ្លួន ស្វាងពីដេកហើយនាំគ្នាគិតពិចារណា មករកផ្លូវត្រឹមត្រូវវិញ ដោយនាំគ្នាជួយធ្វើអ្វីដែលជា ប្រយោជន៍ជាតិទៅតាម លទ្ធភាពរបស់ខ្លួន ប្រសើរជាជាងដើរត្រាក់ៗទៅធ្វើបាតុកម្មប្រទេសនេះបន្តិច ប្រទេសនោះបន្តិចឲ្យបរទេសផ្តាច់ជំនួយពីកម្ពុជា ធ្វើឲ្យកិត្តិយសជាតិអាប់ឱន។ បរទេសដូចជប៉ុន នេះមិនមែនជាបរទេសធន់ដូចចៅហ្វាយរបស់ សម រង្ស៊ី ទេណា សូមកុំច្រឡំឲ្យសោះ។ ស្តាយកម្លាំងណាស់ដែលខំឥតបានការ, បើទុកពេលទៅធ្វើអ្វីល្អៗ សម្រាប់ជួយប្រជាជន និងប្រទេសជាតិវិញមិនដឹងល្អយ៉ាងណាទេ។

អត្ថន័យទី៤៖ ជំនួយរបស់ជប៉ុនសបញ្ជាក់ថា ការបោះឆ្នោតថ្ងៃទី ២៩ កក្កដានេះ មានតម្លៃគ្រប់គ្រាន់ពីព្រោះមានទាំងការជួយគាំទ្រពីប្រទេសធំៗដូចជាជប៉ុន ចិន រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀត, មានទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ជិត ៧ ម៉ឺននាក់ និងមានទាំងការប្រកួតប្រជែងដ៏ទូលំទូលាយរវាងគណបក្សចំនួន ២០។ នេះជាតម្លៃពិត តម្លៃសាកល នៃដំណើរការបោះឆ្នោតដែលកំពុងតែប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និងប្រកបដោយសុខ សន្តិភាព គ្មានហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រូវ និងតម្លាភាព ដែលជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

សរុបមក បងប្អូនប្រជាពលរដ្ឋខ្មែរទាំងឡាយបានឃើញច្បាស់ហើយអំពីភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្តូរផ្តាច់ការពារសន្តិភាព ស្ថិរភាពសង្គម និងជាពិសេសការពារដំណើរការរៀបចំការបោះឆ្នោតស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ភាពត្រឹត្រូវនេះហើយដែលទទួលបានការគាំទ្រពីអន្តរជាតិ។ ចំណែកឯក្រុមអ្នក បំផ្លាញសន្តិភាព បំផ្លាញប្រជាធិបតេយ្យ បំផ្លាញភាព សុខសាន្តរបស់ប្រជាជន និងជាពិសេសការប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោតបានទទួលបរាជ័យទាំងស្រុង។

ដូច្នេះក្នុងនាមខ្មែរដែល ស្រឡាញ់ប្រជាធិបតេយ្យ ស្រឡាញ់សន្តិភាព យើងទាំងអស់គ្នានឹងឈរនៅខាងភាពត្រឹមត្រូវជាមួយមិត្តជប៉ុន ដោយយើងទាំងអស់គ្នានឹងធ្វើដំណើរ ទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ឲ្យបានគ្រប់ៗគ្នា។ ការឈរ នៅខាងអំពើល្អជាគុណធម៌របស់មនុស្សជាតិនៅលើ សាកលលោក ជាពិសេសជាគុណធម៌ដ៏បវររបស់ពូជសាសន៍ខ្មែរ។ អរគុណមិត្តជប៉ុន និងបណ្តាមិត្តបរទេសជាច្រើនទៀតដែលឈរនៅខាងអំពើល្អជាមួយពួកយើងដើម្បីរួមគ្នាកម្ចាត់អំពើអាក្រក់ឲ្យអស់ពីកម្ពុជា៕

ដោយ៖ សាស្ត្រចារ្យ
វិជ្ជាសាស្ត្រសង្គមខេត្តកំពង់ចាម