(ពោធិ៍សាត់​)៖​ ប្រជាពលរដ្ឋដែលមានបញ្ហាផ្នែកសុខភាពទាំង២០ភូមិ ក្នុងឃុំតាលោ ស្រុកបាកាន បានអញ្ជើញ​មកជួបជុំគ្នានៅសាលាបឋម និងអនុវិទ្យាល័យរហាទិល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីមកពិនិត្យ ​ព្យាលបាលជំងឺ ដោយឥតគិតថ្លៃ​ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ​​ដឹកនាំដោយវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ​សមាគមតំណាង លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល​សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោក ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់ បានថ្លែងថា បន្ទាប់ពីបានទទួលនូវសំណូមពរ ​ពីសំណាក់​ប្រជាពលរដ្ឋដែលមានបញ្ហាផ្នែកសុខភាព ទាំង២០ភូមិ ក្នុងឃុំតាលោ ស្រុកបាកាន កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលនៅអនុវិទ្យាល័យតាលោនោះ លោកបានទំនាក់ទំនងជាមួយ លោក ហ៊ុន ម៉ាណែត ហើយត្រូវបានលោកបញ្ជូន ក្រុមគ្រូពេទ្យដែលមាន៤៥០នាក់ មកកាន់ទីនេះ ដើម្បីពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

បើតាមលោកអភិបាលខេត្ត នេះគឺ​ជាការ​យក​ចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំ​សម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះអ្នកដែលមានបញ្ហា ផ្នែក សុខភាព ត្រូវមកពិនិត្យ និងព្យាបាល​។ ក្នុងនាមរដ្ឋបាលខេត្ត លោក​អំពាវនាវដល់​ប្រជាពលរដ្ឋ ដែលមានបញ្ហាផ្នែកសុខ ភាពទូទាំងឃុំតាលោ សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ ដើម្បីជួយសម្រាលការលំបាក និងមិនចំណាយថវិកាទៅព្យាលបាល នៅតាមមន្ទីរពេទ្យនានា ព្រមទាំងបានថ្លែងនូវអំណរគុណចំពោះក្មួយៗ ស្ថិតនៅក្នុងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ​ដែលជាទង្វើដ៏ល្អប្រពៃ​ដោយចាត់ទុកថា ជាអ្នកគិតគូរសុខ​ទុក្ខប្រជាពលរដ្ឋពិតប្រាកដមែន។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែល​សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ​នៅក្នុង​ទឹកដីនៃ​ខេត្តពោធិ៍សាត់ គឺនៅស្រុកក្រគរចំនួន២លើក និងស្រុកកណ្តៀង១លើក។

សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច​តេជោ គិតមកដល់​ពេលនេះ មានអាយុកាលជាង៤ឆ្នាំមកហើយ ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ តាមរយៈពិនិត្យ និ​ងព្យាល​ជំងឺជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពគ្រប់ទីកន្លែង មិនប្រកាន់អំពីនិន្នាការអ្វីឡើយ​។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា​ សម្រាប់លើកទី៤នេះ ផ្តោតសំខាន់ទៅលើជំងឺទូទៅ អេកូស្ត្រីមានផ្ទៃពោះ និងជំងឺមាត់ធ្មេញ ជាលទ្ធផលឃើញថា​អ្នកដែលមាន​បញ្ហាសុខភាព បានមកពិនិត្យ និងព្យាបាលមានចំនួន៤,០៣០នាក់ ក្នុងនោះស្រី២,៧០០នាក់។

សូមបញ្ជាក់ថា ស្រុកបាកាន មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន១ គ្រប់គ្រងមន្ទីរពេទ្យបង្អែក១ មាន១១ មណ្ឌលសុខភាព និងមានបុគ្គលិក១៣៥នាក់។ ក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៨នេះ ពិគ្រោះជំងឺជូនប្រជាពលរដ្ឋ បានជាង៤​២ពាន់នាក់ ពិគ្រោះជំងឺកុមារជិត១៣ពាន់នាក់ ពិនិត្យស្ត្រីមានផ្ទៃពោះជាលើកទី៤ បាន១,៧១១នាក់ សម្រាលកូននៅក្នុងមូលដ្ឋាន​សុខាភិបាល ចំនួន១,០៤១នាក់ ពិនិត្យ​ថែទាំក្រោយពេលសម្រាល បាន១,០៩៨នាក់ ចាក់ថ្នាំវ៉ាកសាំងដល់កុមារបាន១,៨១០នាក់ និងទទួលព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យចំនួន២,១៦៥នាក់៕​