(ពោធិ៍សាត់)៖ សកម្មជន​គណបក្សប្រជាជនកម្ពុជា និងតំណាងសហគមន៍ខ្មែរឥស្លាម នៅសង្កាត់រលាប នៅក្រុងពោធិ៍សាត់ជាច្រើនកុះករ បានធ្វើការប្តេជ្ញាថា នៅតែរក្សាគោលជំហរដោយឥតងាករេ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជាការតបស្នងសងគុណនូវគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន របស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​សម្តេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា​។

ពលរដ្ឋខ្មែរឥស្លាម បាន​ប្តេជ្ញាយ៉ាងអហង្កាកាថា ​នៅតែ​បន្តរួមរស់ផ្ញើវាសនារបស់ខ្លួនទាំងស្រុង ជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានសាងគុណ ស្នាដៃជូនជាតិមាតុភូមិពិតប្រាកដ ហើយក៏ជាគណបក្សដែលរំដោះប្រទេសជាតិចេញពីថ្លុកសង្គ្រាមរ៉ាំរ៉ៃ ជាគណបក្សដែលនាំអាយុជីវិតប្រជានុរាស្ត្រកម្ពុជា ឲ្យរស់រានឡើងវិញតាំងពី ថ្ងៃទី៧ ខែម​ករា ឆ្នាំ១៩៧៩ ក្រោមការប្រោសប្រទានពរជ័យពីព្រះជាម្ចាស់ បើគ្មានគណបក្សប្រជាជនកម្ពុជា ក៏គ្មានថ្ងៃ​៧មករា ដែរ​។​

ការប្តេជ្ញាបែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងឱកាសដែល លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និង​លោកស្រី បានអញ្ជើញជួបសំណេះសំណាល និង​ផ្សព្វផ្សាយគោលការណ៍​១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជា​។​

លោក អូស្មាន ហាស្សាន់ បានផ្តល់កម្លាំងចិត្ត និង​ជំរុញ​ដល់សហគមន៍ខ្មែរឥស្លាមរបស់លោក ឲ្យបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងថែមទៀត ទោះបីកន្លងមក​សំឡេងគាំទ្ររបស់ខ្មែរឥស្លាម គឺបានគាំទ្រក្នុងកម្រិតភាគរយយ៉ាងខ្ពស់បំផុតក្តី៕