(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារ ចុះជួយខណ្ឌសែនសុខ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាង ២០០០នាក់ បន្ដបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងយុទ្ធនាការឃោសនានេះ គឺក្បូនដង្ហែឃោសនាបោះឆ្នោតជាលើកទី២នេះ ចាប់ផ្តើមចេញដំណើរ ពីសង្កាត់ខណ្ឌសែនសុខ រហូតដង្ហែគ្រប់សង្កាត់ទាំង៦ នៃខណ្ឌសែនសុខ ចាប់ពីម៉ោង​៧​ព្រឹក ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនពាន់នាក់ ដែលធ្វើការដង្ហែតាមរយៈរថយន្ដ ម៉ូតូ និងរ៉ុម៉ក ជាច្រើនពាន់គ្រឿងផងដែរ ។

គួរបញ្ជាក់​ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។ កាលពីថ្ងៃទី០៧ ខែកក្កដា គឺជាថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ជាមួយ​ការប្រារព្ធខួបទី៦៧ នៃខួបកំណើតគណបក្សប្រជាជនកម្ពុជា បានជួបជុំ និងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍​កោះពេជ្រនេះ​ដោយធ្វើឡើងក្រោមអធិបតីភាព​របស់ សម្តេច​​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ដោយមានការចូលរួមពីសមាជិកចូលរួមប្រមាណជាង​៦​ម៉ឺននាក់ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ ៕​