(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០១៨នេះ ធនាគារជាតិនៃកម្ពុជា​ សម្រេចបិទគ្រឹះស្ថានឥណទានជនបទ ដែលប្រតិបត្តិក្នុងប្រទេស​កម្ពុជាចំនួន៥០ ដោយសារតែគ្រឹះស្ថានទាំងនោះ មិនគោរពតាមបទបញ្ញាតិ្ត និងច្បាប់ របស់ធនាគារជាតិនៃកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

គ្រឹះស្ថានឥណទានជនបទចំនួន៥០ដែលត្រូវបានសម្រេចបិទ មិនឲ្យបន្ដប្រតិបត្តិការនេះ ធនាគារជាតិនៃកម្ពុជា មិនទាន់​បានបញ្ជាក់​ឈ្មោះគ្រឹះស្ថាននីមួយៗនៅឡើយទេ។

ថ្លែងក្នុងឱកាសនោះ លោក ជា ចាន់តូ បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានខិតខំដាក់ចេញនូវ វិធានការម៉ាក្រូ​​ប្រុងប្រយ័ត្នជាបន្ដបន្ដាប់ដូចជា ការកំណត់ទ្រនាប់ដើមទុន ការគ្រប់គ្រងហានិភ័យឥណទាន និងសន្ទនីយភាព និងការពង្រឹងការផ្ដល់វិញ្ញាបនបត្រ​ចំពោះគ្រឹះស្ថានឥណទានជនបទជាដើម សំដៅកាត់បន្ថយការប្រែប្រួល ទៅតាមវដ្ដសេដ្ឋកិច្ច និងបង្កើនភាពរឹងមាំនៃវិស័យធនាគារ។

លោកបានឲ្យដឹងថា «ក្នុងឆមាសទី១នេះ សេដ្ឋកិច្ចកម្ពុជា បានបន្ដរីកចម្រើនជាបន្ដបន្ទាប់ ពិសេសលើវិស័យនាំចេញ និងទេសចរណ៍ ជាមួយនឹងកំណើនដ៏រឹងមាំនៃវិស័យ​សំណង់ និងការបន្ដងើបនៃវិស័យកសិកម្ម ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចបន្ដកើនឡើងយ៉ាងឆាប់រហ័ស»។

លោកក៏បានបញ្ជាក់ទៀតថា ធនាគារជាតិនៃបានបង្កើនការយកចិត្តទុកដាក់ លើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារ​អតិថិជន តាមរយៈការផ្សព្វផ្សាយការអប់រំនានា ការទទួលការហៅចូលតាមទូរស័ព្ទ ដើម្បីសាកសួរព័ត៌មានទាំងឡាយពាក់ព័ន្ធ នឹងការប្រើប្រាស់​សេវាហិរញ្ញវត្ថុ ព្រមទាំងការបញ្ជា្រប់ចំណេះដឹងហិរញ្ញវត្ថុ ទៅកាន់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ តាមរយៈកិច្ចសហការជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា៕