(រតនគិរី)៖ ដោយសារទឹកចិត្តស្រលាញ់ និងចង់លើកតម្កើងវប្បធម៌ប្រពៃណី និងលើកស្ទួយជីវភាពបស់ជនជាតិដើមភាគតិច លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ នៃក្រុងបានលុង ខេត្តរតនគិរី បានបង្ហាញឆន្ទៈយ៉ាងមុតមាំប្រាប់ដល់ក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» អំពីគំនិតចង់បង្កើតភូមិវប្បធម៌ និងផ្សារលក់ផលិតផលរបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី។

លោកស្រីបានបង្ហាញគោលបំណងចម្បងៗ នៃការចង់បង្កើតភូមិវប្បធម៌ និងផ្សារលក់ផលិតផលរបស់ជនជាតិដើមភាគតិចនេះ គឺដើម្បីចូលរួមលើកតម្កើងប្រពៃណី វប្បធម៌របស់ជនជាតិដើមភាគតិច នៅខេត្តភាគឦសានមួយនេះ ដោយសង់ជាផ្ទះទៅតាមអម្បូរជនជាតិភាគតិចនីមួយៗ ឧទាហរណ៍បើជនជាតិគ្រឹងសង់ផ្ទះតាមបែបជនជាតិគ្រឹង បើជនជាតិចារាយធ្វើតាមបែបជនជាតិចារាយ។

ចំណែកឯការបង្កើតផ្សារលក់លិតផលជនជាតិដើមភាគតិចវិញ គឺចង់លើកស្ទួយជីវភាពរបស់ជនជាតិដើមភាគតិច ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗបានឃើញ និងស្គាល់ពីរបស់របរប្រើប្រាស់ ផលិតផលសិប្បកម្មនានារបស់ជនជាតិដើមភាគតិច និងទិញយកទៅប្រើប្រាស់ ឬបរិភោគ ឬទុកជាវត្ថុអនុស្សាវរីយ៍ជាដើម។

ម្ចាស់សណ្ឋាគារដែលមានរូបសម្ផស្សស្រអែមស្រស់រូបនេះ បានបង្ហាញភាពជឿជាក់ថា ប្រសិនបើគំនិតផ្ដួចផ្ដើមនេះលេចចេញជារូបរាងឡើង នឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចបានមួយកម្រិតទៀត ពិសេសឱ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់រាជធានី-ខេត្ត បានស្គាល់កាន់តែច្បាស់ពីប្រពៃណីវប្បធម៌ និងជីវិតរស់នៅរបស់ជនជាតិភាគតិច ពិសេសដើម្បីអភិរក្សប្រពៃណីវប្បធម៌របស់ពួកគេផងដែរ។

ការបញ្ជាក់របស់ម្ចាស់សណ្ឋាគារដ៏ស្រស់ស្អាតយ៉ាងដូច្នេះ បានឱ្យដឹងក្នុងពេលក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» កំពុងបំពេញបេសកកម្មរុករកកំណប់អាថ៌កំបាំងនៅខេត្តរតនគិរី។

សូមជម្រាបថា បេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» នេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តទំនើបជាងគេនៅកម្ពុជា Mercedes-Benz សហការផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិច ThmeyThmey ក្នុងគោលបំណងចេញប្រតិបត្តិការរុករកតំបន់ទេសចរណ៍នៅព្រហ្មចារីថ្មីៗ ដែលរាយប៉ាយពាសពេញដែនដីសុវណ្ណភូមិនៃប្រទេសកម្ពុជា ហើយគ្មានមនុស្សស្គាល់ ឬមានមនុស្សតិចបំផុតដែលបានស្គាល់ ដើម្បីយកមកផ្សព្វផ្សាយបង្ហាញប្រិយមិត្ត ពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានទស្សនាឃើញច្បាស់ និងអន្ទងចិត្តបញ្ចុះបញ្ចូលឲ្យពួកគេឲ្យរីករាយក្នុងការធ្វើដំណើរទៅទស្សនានៅទីនោះជាបន្តបន្ទាប់ ​សំដៅពង្រីក​សក្តានុពល​​ទេសចរណ៍​ដែលមាន​ស្រាប់នៅកម្ពុជា ​ឱ្យ​កាន់​តែមានសកម្មភាពរ​ស់រ​វើក៕

សូមទស្សនាវីដេអូកិច្ចសម្ភាសរវាងក្រុមការងារមែកសឺដេស និងកំណប់អាថ៌កំបាំង ជាមួយម្ចាស់សណ្ឋាគារទែរូ លោកស្រី ខែ ចិន្តា៖