(ភ្នំពេញ)៖ ក្នុងពេលចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសជាមួយចាស់ៗ នៅតាមភូមិនានាក្នុងឃុំកុមារាជា ស្រុកបាទីខេត្តតាកែវ នាថ្ងៃសៅរ៍ទី១៤ កក្កដានេះ លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងស្រុកបាទីខេត្តតាកែវ បានបង្ហាញអារម្មណ៍ក្តុកក្តួលក្នុងចិត្ត នៅពេលដែលលោករម្លឹកពីការ លំបាកវេទនាបំផុតពេលរស់នៅក្នុងរបបវាលពិឃាដប៉ុលពត និងការខិតខំប្រឹងតស៊ូពីបាតដៃទទេ ជើងទទេគ្មានស្បែកជើងពាក់រហូតដល់ស្រុកទេសបានសុខ សន្តិភាពនិង សម្បូរសប្បាយដូចសព្វថ្ងៃនេះ។

អារម្មណ៍ក្តុកក្តួលរបស់លោក ស្វាយ ស៊ីថា បានទាក់ទាញចំណាប់អារម្មណ៍លោកតា លោកយាយ អ៊ុំ ពូ មីងចាស់ៗ ដែលធ្លាប់ឆ្លងកាត់ការលំបាកក្នុងរបបខ្មែរក្រហមឲ្យនឹកឃើញឡើងវិញនូវសម័យកាលដ៏ខ្មៅងងឹតដែលអ្នកខ្លះព្រាត់កូន ចៅ បងប្អូន ប្តីប្រពន្ធ ដោយសារ ដាច់ពោះស្លាប់ ឬដោយសារពួកឃាតករអាវខ្មៅយកទៅសម្លាប់ដោយអយុត្តិធម៌បំផុត។ ការរម្លឹកពីអតីតកាលដ៏ឈឺចាប់នេះធ្វើឲ្យលោកតា លោកយាយ អ៊ុ ពូមីង
រលីងរលោងទឹកភ្នែកដោយអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង។

បច្ចុប្បន្ន នៅពេលដែលពួកគាត់ មានជីវភាពធូរធា មានចំណីអាហារហូបបបូរ និងមានសម្ភារៈ ប្រើប្រាស់គ្រប់យ៉ាង ពួកគាត់តែងនឹកដល់អ្នកដែលបានស្លាប់ទៅដោយការស្រេកឃ្លាន និងដោយការកាប់សម្លាប់គ្មានត្រាប្រណីរបស់ពួកខ្មែរក្រហម។ ជាមួយគ្នានោះ លោកតា លោកយាយ អ៊ុំ ពូ មីង ទាំងនោះក៏បានរម្លឹកនឹកគុណដល់គណបក្សប្រជាជនកម្ពុជាដែល មានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំដែលបានរំដោះពួកគាត់ឲ្យរួចជីវិតពីចង្កូមមជុរាជ ហើយថែមទាំងបានកសាងប្រទេសឲ្យមានការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស ធ្វើឲ្យពួកគាត់មានជីវភាព ល្អប្រសើរជាលំដាប់ដូចសព្វថ្ងៃ។

ក្រៅពីសមិទ្ធផលជារួមដែល ពលរដ្ឋគ្រប់គ្នាទទួលបានដូចជា សុខ សន្តិភាព និងការអភិវឌ្ឍន៍ គ្រប់បែបយ៉ាង លោកស្វាយ ស៊ីថា ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលជាច្រើន ដែលប្រជាពលរដ្ឋក្នុងឃុំកុមារាជា ទទួលបានក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះដោយផ្ទាល់ពីក្រុមការងារចុះជួយពង្រឹងឃុំនិងជាពិសេសពីលោកជា វណ្ណដេត ដែលជាតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មាន ដូចជាសាលារៀន មណ្ឌលសុខភាព ស្រះទឹក អណ្តូងទឹក ផ្លូវ ការផ្តល់អាហារូបករណ៍ដល់កូនចៅរបស់បងប្អូនបានបន្តការសិក្សាទៅថ្នាក់ខ្ពស់ជាដើម។

រម្លឹកគ្រាលំបាកវេទនាជូរចត់អត់ឃ្លានក្នុងសម័យខ្មែរក្រហម និងការតស៊ូរួមគ្នាអភិវឌ្ឍន៍ប្រទេសបានដូចសព្វថ្ងៃ លោក ស្វាយ ស៊ីថា បានបញ្ជាក់យ៉ាងច្បាស់ថាទាំងអស់នេះគឺជា ហេតុផលលើសពីគ្រប់គ្រាន់ពេក ដែលបងប្អូនទាំងអស់គ្នាត្រូវប្រមូលគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ កក្កដា ២០១៨ដែលមាន លេខរៀងទី២០នៅលើ សន្លឹកឆ្នោតកុំបីអាក់ខានដើម្បីជាការតបស្នងសងគុណអ្នកដែល បានជួយរំដោះយើងពិតប្រាកដផងនិដើម្បីអាចបន្តការរស់នៅដោយសេចក្តីសុខរបស់ប្រជាជាតិនិងប្រជាជន យើង៥ឆ្នាំជាបន្តទៀត៕