(ឧត្តរមានជ័យ)៖ ប្រធានគណៈពង្រឹងការងារ និងជាបេក្ខជនតំណាងរាស្ត្រក្នុងខេត្តឧត្តរមានជ័យ លោក គន់ គីម បានថ្លែងថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នឹងប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើន ជាពិសេសប្រឹងប្រែងធ្វើឲ្យកិត្យានុភាពជាតិកាន់តែខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិថែមទៀត។

លោក គន់ គីម បានថ្លែងដូច្នេះក្នុងពេលចុះដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតនៅក្នុងស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ។ នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី៨នេះ​ក៏មានការអញ្ជើញចូលរួម​ពីលោក នៅ​ សំ​ បេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌល​ឧត្តរមានជ័យ​ លោក​ ស​ ថាវី​ ប្រធាន​គណបក្ស​ខេត្តឧត្តរមានជ័យ​ និងហែហមដោយ​អ្នកគាំទ្រជិត ៣ពាន់នាក់។​

ប្រទេសកម្ពុជាដែលធ្លាប់តែជាប្រទេសអាណាចក្រដ៏ល្បាញល្បីក្នុងសម័យអាណាចក្រអង្គរត្រូវបានប្រែក្លាយជាស្ងប់ស្ងាត់ និងអន់ថយបន្តិចម្តងៗដោយសារតែសង្គ្រាមហែកហួរ។ កម្ពុជាកាន់តែកប់បាត់ពីឆាកអន្តរជាតិទៅទៀតនៅក្នុងភ្លើងសង្គ្រាមប្រមាណជា ៣ទសវត្សរ៍ចុងក្រោយនេះ។ ជាពិសេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបកាប់សម្លាប់ដ៏ឃោរឃៅរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។

ប៉ុន្តែនៅក្រោយកម្ពុជាបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមរយៈចលនាតស៊ូដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាជំហានៗ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏បានសាងកិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិជាថ្មី។ ពេលបច្ចុប្បន្នកម្ពុជាបានក្លាយខ្លួនជាសមាជិកអង្គការសំខាន់ៗទាំងក្នុងថ្នាក់តំបន់ និងលើឆាកអន្តរជាតិ។ តាមរយៈសមាជិកនេះ កម្ពុជា នឹងកំពុងផ្សារភ្ជាប់ និងដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិផងដែរ។ កម្ពុជាដែលធ្លាប់តែស្ងប់ស្ងាត់ពីអតីតកាលនោះ បច្ចុប្បន្នបានក្លាយទៅជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសំខាន់ៗទាំងថ្នាក់ដំបន់ និងថ្នាក់ពិភពលោក។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាព្រឹកថ្ងៃនេះ លោក គន់ គីម មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយរូបដែរនោះ បានថ្លែងថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នឹងដឹកនាំនាវាកម្ពុជាឲ្យកាន់តែល្បាញល្បីនៅឆាកអន្តរជាតិថែមទៀត។

លោក គន់ គីម បានបញ្ជាក់ដូច្នេះ «បើគណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ សម្តេច​តេជោ​ នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ ប្រទេស​ជាតិ​នឹងបន្តការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ទប់ស្កាត់មិនឲ្យមានសង្គ្រាម​ និងការពា​របានសុខសន្តិភាព​។ ការសម្រេចចិត្ត​ត្រឹមត្រូវ​ក្នុងការបោះឆ្នោត​ដោយ​ជ្រើសរើស​គណបក្ស​ប្រជាជន​ និងនាំមកនូវ​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ភាព​ បូរណភាព​ទឹកដី​ និងកិត្យានុភាពដ៏​ខ្ពស់​ត្រដែតរបស់កម្ពជានៅលើឆាក​អន្តរជាតិ​ និង​ទទួល​បាន​ការអភិវឌ្ឍ​ជាបន្តទៅទៀត​។ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ គឺ​ប្រជាជន​កម្ពុជា​ទាំងមូលជាអ្នកឈ្នះ»​។

លោក គន់ គីម ក៏បានបន្តលើកបង្ហាញពីសមិទ្ធផល និងការរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបានថ្លែងថា ​«ក្រោយបញ្ចប់សង្គ្រាមកម្ពុជា​ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ​ ផ្លូវ​ថ្នល់​ សាលារៀន​ មន្ទីរពេទ្យ​ វត្តអារាម​កើតឡើងជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក សមិទ្ធិផលទាំងអស់នេះកើតឡើងដោយ​ស្នាដៃរាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ ដែល​មាន​សម្តេចតេជោ​ជា​ប្រមុខ»។​

បេក្ខជនតំណាងរាស្ត្របស់គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តឧត្តរមានជ័យរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងស្រុកចុងកាល់​ទៅបោះឆ្នោត​ឲ្យបានគ្រប់គ្នា​ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​​លេខរៀងទី២០​ ជាបន្តទៀត​៕