(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៨ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានរៀបចំ សិក្ខាសាលាមួយក្រោមប្រធានបទ ការប្រមូលទុនពីមូលនិធិវិនិយោគឯកជន ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រមាណ ១០០ នាក់ ដែលភាគច្រើនគឺជាម្ចាស់ និងថ្នាក់ដឹកនាំសហគ្រាសខ្នាតតូច និងមធ្យមនានានៅកម្ពុជា។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមូលនិធិវិនិយោគឯកជន ជូនដល់ម្ចាស់ និងថ្នាក់ដឹកនាំសហគ្រាសខ្នាតតូចនិងមធ្យមដែលមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចបំពេញលក្ខខណ្ឌបោះផ្សាយ និង ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឬមិនទាន់មានបំណងបោះផ្សាយលក់មូលបត្រជាសាធារណៈនៅឡើយ។

វាគ្មិនកិត្តិយសនៅក្នុងកម្មវិធីនេះ មានចំនួន២រូប គឺទីមួយលោក កឹម បូរ៉ា ជានាយក (Partner)នៃក្រុមហ៊ុនមូលនិធិវិនិយោគឯកជន MEKONG STRATEGIC PARTNERSបានធ្វើបទបង្ហាញស្តីពី តួនាទីរបស់មូលនិធិវិនិយោគឯកជននៅក្នុងការផ្តល់ហិរញ្ញប្បទាន និង ទីពីរ លោក ប៉ិច បូឡែន ជាស្ថាបនិក ប្រធានក្រុមប្រឹក្សា ភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប ខូអិលធីឌី (Westline Education Group Co.,Ltd) ដែលមានបទពិសោធន៍ផ្ទាល់ក្នុងការទទួលបានទុនវិនិយោគនិងការជួយជ្រោមជ្រែងពីមូលនិធិវិនិយោគឯកជនមួយ និង បានធ្វើបទបង្ហាញស្តីពី ការត្រៀមលក្ខណៈមុនបើកទទួល មូលនិធិ វិនិយោគឯកជនជាដៃគូ ។

ការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាអំពីប្រធានបទខាងលើនេះ បានប្រព្រឹត្តទៅដោយរលូនដោយមានការចូលរួមធ្វើជាអ្នកសម្របសម្រួលពីសំណាក់លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

សូមបញ្ជាក់ជូនថា (ក្រុមហ៊ុន) មូលនិធិវិនិយោគឯកជន (Private Investment Funds) សំដៅដល់ក្រុមហ៊ុនដែលបានប្រមូលមូលនិធិពីប្រភពផ្សេងៗដូចជា វិនិយោគិនស្ថាប័ន(Institutional Investors) និង/ឬ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម (Wealthy Individuals) ដើម្បីយកទៅវិនិយោគបន្តជាមួយក្រុមហ៊ុនសហគ្រាសសក្តានុពលផ្សេងៗ ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម ដែលមិនទាន់បានបោះផ្សាយលក់មូលបត្រជាសាធារណៈ ក្នុងគោលដៅទទួលបានប្រាក់ចំណេញពីការរីកធំធាត់របស់ក្រុមហ៊ុនសហគ្រាសទាំងអស់នោះ និងលក់ក្រុមហ៊ុន សហគ្រាសនោះចេញវិញ នៅបីឆ្នាំ ប្រាំឆ្នាំ ឬដល់ដប់ឆ្នាំក្រោយ។ ក្រុមហ៊ុនមូលនិធិវិនិយោគឯកជននេះសំដៅគ្របដណ្តប់ក្រុមហ៊ុនមូលនិធិសំខាន់ពីរប្រភេទគឺ Private Equity Firm និងVenture Capital Firm។

នៅដំណាក់កាលនេះ ក្រុមហ៊ុនមូលនិធិវិនិយោគឯកជន ដើរតួនាទីសំខាន់ក្នុងការផ្តល់ទុនវិនិយោគបន្ថែម និងការគាំទ្រផ្នែកបច្ចេកទេសនិងជំនាញក្នុងការគ្រប់គ្រងអាជីវកម្មប្រកបដោយស្តង់ដារនិងប្រសិទ្ធភាពដល់សហគ្រាសខ្នាតតូចនិងមធ្យមសក្តានុពលទាំងនោះ។

 ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រំពឹងយ៉ាងមុតមាំថា សហគ្រាសទាំងឡាយដែលបានទទួល មូលនិធិ វិនិយោគឯកជនជាដៃគូ នឹងមានភាពប្រសើរចម្រើនឡើងអាចបំពេញលក្ខខណ្ឌបោះផ្សាយលក់មូលបត្រជាសាធារណៈ ហើយនិងចុះបញ្ជីលក់មូលបត្រនៅផ.ម.ក. នៅពេលណាមួយឆាប់ៗខាងមុខ៕