(ភ្នំពេញ)៖ តារាសម្ដែងវ័យក្មេង លោក រុន ណាកូ នៅតែមានអារម្មណ៍រំភើប និង​ត្រេកអរចង់ហោះ មិនទាន់បាត់នៅឡើយទេ បន្ទាប់ពី​លោក​ទទួលបានពានតារាលេចធ្លោសំខាន់មួយ នៅក្នុងការប្រកួតប្រជែង ឈុតបុរាណដ៏ធំក្នុងព្រឹត្តិការណ៍ «គ្រួសារតារាកម្ពុជា» កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ពេលលោកគ្រងឈុតសម្លៀកបំពាក់ ព្រះបាទសុរិយវរ្ម័នទី២ ក្នុងសម័យអង្គរ។ យ៉ាងណាមិញ លោកនៅតែយល់ថា អ្នកកាន់ពានមិនមែនជាខ្លួន ខណៈដែលការប្រកួតទាំងមូល មានសុទ្ធសឹងតែវត្តមានតារាល្បី ក្នុងពិភពសិល្បៈ។

លោក រុន ណាកូ បានថ្លែងប្រាប់ ក្រោយពីលោក​ទទួលបានលើកពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែករំលេចឈុតបុរាណស័ក្តិ​សម ឲ្យដឹងថា «លោករំភើបចំពោះជ័យជំនះ ដែលខ្លួនទទួលបានយ៉ាងខ្លាំង បើទោះជាទម្រាំឈ្នះពាន លោកត្រូវលំបាកជាច្រើន លោកគ្រាន់តែដឹងថា ពិធីនៅក្នុងថ្ងៃនោះ នឹងមានការប្រកួត សម្លៀកបំពាក់បុរាណ លោកក៏បានទាក់ទងរកឈុតក្នុង សម័យអង្គរយកមកស្លៀក ហើយជាលទ្ធផល លោក នូ សុផេន អនុប្រធាននាយដ្ឋាន ផលិតកម្មវិធី ប្រចាំទូរទស្សន៍អប្សរា ជាអ្នកស្រាវជ្រាវ និងកែច្នៃសម្លៀកបំពាក់បុរាណ ក៏សម្រេចកែច្នៃឈុត​របស់​ ព្រះបាទសុរិយវរ្ម័នទី២ ដែលជាក្សត្រកសាង ប្រាសាទអង្គរវត្ត​»។

​លោក រុន ណាកូ បានបន្តទៀតថា មួយឈុតនេះ លោកពេញចិត្ត​តាំងពីដំណាក់កាលបានឃើញ ដោយលោកចាប់ផ្ដើម ត្រៀមខ្លួនយ៉ាងលំបាក ដោយការហាត់ប្រាណលើកសាច់ដុំ និងកាច់ក្បាលពោះ ដើម្បីឲ្យខ្លួន អាចស្លៀកឈុតនោះបាន។ ​លោកខ្លួនបានធ្វើដំណើរ តាំងពីខេត្តកោះកុង ដោយសារតែលោកគឺជានិស្សិតពេទ្យ ហើយជាប់បេសកកម្មសិក្សា នៅក្នុងខេត្តនោះ តែលោកនៅតែឆ្លៀត ហាត់ប្រាណឲ្យត្រូវនឹងឈុត ដែលបានគម្រោងទុកនោះ ដោយលំបាកមុនឡើងមក ចូលរួមប្រកួតប្រជែង»។

លោក រុន ណាកូ បានសង្កតធ្ងន់ឲ្យដឹងទៀតថា «ខ្លួនមានអារម្មណ៍អរចង់ស្រក់ទឹកភ្នែក នៅពេលគេប្រកាសថា លោកគឺជាម្ចាស់ពាន ក្នុងចំណោមម្ចាស់ពាន​ទាំង៨ ដែលជាអ្វីក្នុងក្ដីស្រមៃ របស់តារាសិល្បៈ ដែលចូលរួមប្រកួតប្រជែង​។ លោកថា នេះជាលើកទី១ ដែលលោកបានគ្រងឈុត ព្រះបាទសុរិយវរ្ម័នទី២ ហើយទទួលបានពាន តារាលេចធ្លោប្រចាំឆ្នាំ ដោយលោកបានចាត់ទុកថា តំណែងពាន​ដែលលោកបានទទួល នឹងបើកទំព័រសិល្បៈរបស់លោក ឲ្យកាន់តែជោគជ័យ​បន្ថែមទៀត៕