(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធីប្រកួតប្រជែងគណិតវិទ្យា លើកទី២ នៅសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រង នាយកសាខា។

តើតាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា ដើម្បីពង្រឹងគុណភាពអប់រំ បន្ថែមទៀត សាលា ប៊ែលធី អន្តរជាតិ បានបង្កើតកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៨សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមានទី១៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២៖ កម្មវិធីពង្រឹងស្មារតី ទី៣៖ កម្មវិធីទស្សនកិច្ចសិក្សា ទី៤៖ កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥៖ កម្មវិធីប្រឡងសំណេរ ទី៦៖ កម្មវិធី ប្រកួតប្រជែងគណិតវិទ្យា ទី៧៖ កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងទី៨៖ កម្មវិធីកីឡា។

ក្នុងឆ្នាំសិក្សានេះ សាលាបានកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបានរៀបចំបង្កើត បន្ទប់ពិសោធន៍ (Laboratory) នៅគ្រប់ទីតាំងសាខា ប៊ែលធី ដែលបំពាក់នូវសម្ភារពិសោធន៍ ទំនើបៗ សម្រាប់សិស្សចំណេះទូទៅចាប់ពីថ្នាក់ទី៧ដល់ទី១២ ដើម្បីសិក្សា និងផ្សាភ្ជាប់ទឹ្រស្តីទៅនឹងការអនុវត្តជាក់ស្តែង ដែលផ្តោតសំខាន់លើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។

ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប បានថ្លែងនូវការកោតសរសើរចំពោះប្អូនៗ ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែង តាំងពីសាខារបស់ខ្លួន រហូតដល់ពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនាពេលនេះ។

លោកអគ្គនាយករង បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង ពង្រឹងគុណ ភាពអប់រំ ដោយផ្តោតទៅលើការអភិវឌ្ឍខួរក្បាល ឱ្យកាន់តែប្រសើរ ឡើងថែមទៀត ក្នុងការគិតឱ្យមានភាពរហ័សរហួនដូចជា៖ ការបូក-ដក-គុណ-ចែកលេខ ក៏ដូចជាការគណនា រូបមន្តគណិតវិទ្យាផ្សេងៗ និងផ្តល់ឱកាសដល់សិស្ស ដើម្បីបង្ហាញនូវសមត្ថភាព និងស្វែងរកអ្នកដែលពូកែបំផុត ឆ្លាតវៃឱ្យស្របតាមបាវចនាប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។

លោកអគ្គនាយករង ក៏បានបន្ថែមទៀតថាថ្មីៗនេះ ប៊ែលធី ទើបតែទទួលបានសិទ្ធិផ្តាច់មុខលើ កម្មវិធី «គណនាលេខរហ័ស» IMA (អាយ អ៊ឹម អេ) ធំបំផុតពីប្រទេសម៉ាឡេស៊ី ក្នុងការអប់រំ និងផ្តល់ចំណេះដឹងលើកម្មវិធី INTELLIGENT MENTAL-ARTHEMATIC ដែលជាកម្មវិធីដ៏ល្បី ល្បាញ និងលេចធ្លោជាងគេក្នុងប្រទេសម៉ាឡេស៊ី និងមានកិច្ចសហប្រតិបត្តិការ១៨ប្រទេស លើពិភពលោក។ ហើយការសិក្សាវគ្គ អាយ អ៊ឹម អេនេះ នឹងជួយដល់ការបង្កើនល្បឿន នៃការគណនាលេខ និងអភិវឌ្ឍការប្រើប្រាស់ខួរក្បាលរបស់កុមារឱ្យមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និងឆាប់រហ័ស តាមរយៈការប្រើប្រាស់ឧបករណ៍ក្បាច់អាល់បេឃឺស (Abacus) និងបច្ចេកទេសបង្រៀនបែបវិទ្យាសាស្រ្តទំនើប ដើម្បីឱ្យសិស្សប៊ែលធី កាន់តែមានសមត្ថភាព និងជំនាញខ្ពស់ថែមទៀត និងអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ-អន្តរជាតិ និងក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ទៅថ្ងៃអនាគត។

ជាទីបញ្ចប់ លោក លី ប៊ុនឆៃ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាភី ថ្នាក់ទី៥ ទី៨ និងទី១១ ចំនួន ០៩នាក់ផង ដែរ៕