(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានចាប់ផ្តើមជ្រើសរើស យករបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស មកអនុវត្តនៅឆ្នាំ១៩៩៣ ក្រោយពីមានការបោះឆ្នោត រៀបចំឡើងដោយអង្គការសហប្រជាជាតិ ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។

លទ្ធិប្រជាធិបតេយ្យនេះ បានរីកធំធាត់ និងមានអាយុ២៥ឆ្នាំហើយ រហូតមកទល់ពេលនេះ ហើយនឹងត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមរយៈការរៀបចំការបោះឆ្នោត៥ឆ្នាំម្តង តាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ និងមានការចូលរួមប្រកួតប្រជែង ពីគណបក្ស នយោបាយជាច្រើន ដើម្បីដណ្តើមអាសនៈនៅក្នុងរដ្ឋសភា។

ជាថ្មីម្តងទៀតនៅខែកក្កដា ឆ្នាំ២០១៨នេះ កម្ពុជាទាំងមូលបាន និងកំពុងបន្តអនុវត្តដំណើរការ លទ្ធិប្រជាធិបតេយ្យតាមរយៈការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន២០ប្រកួត ដណ្តើមសេចក្តីទុកចិត្តពីប្រជាពលរដ្ឋយកអាសនៈក្នុងរដ្ឋសភាចំនួន១២៥។

ពេលនេះ ប្រជាពលរដ្ឋខ្មែរបានត្រៀមខ្លួន រួចជាស្រេច ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន នៅថ្ងៃទី ២៩ ខែកក្កដាខាងមុខ ហើយការចូលរួមបោះឆ្នោត របស់ពលរដ្ឋមានសិទ្ធិបោះឆ្នោត គឺជាការថែរក្សាការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិបោះឆ្នោតរបស់ខ្លួនឱ្យបានគង់វង្ស ព្រោះថា ទម្រាំនឹងបានសិទ្ធិនេះ កម្ពុជាត្រូវហែលឆ្លងកាត់ច្រើនរបប និងមនុស្សជាច្រើនបានលះបង់ជីវិត។ ពលរដ្ឋនៃប្រទេសផ្សេងទៀត ចង់បានការបោះឆ្នោតទៀងទាត់ដូចកម្ពុជា ប៉ុន្តែពួកគេមិនមានសំណាងឡើយ។

ពួកគេស្រែកឃ្លាននូវលទ្ធិប្រជាធិបតេយ្យ តាមរយៈបោះឆ្នោត ប៉ុន្តែពួកគេគ្មានវាសនានឹងទទួលបានដូចបំណងឡើយ។ ប៉ុន្តែចំពោះ ពលរដ្ឋកម្ពុជា ទោះជាមានការគំរាមកំហែងធ្ងន់ធ្ងរ ពីអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ និងការគំរាមកំហែងដាក់គំនាបនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ច ពីក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយរបស់ពួកគេយ៉ាងណាក៏ដោយ ក៏កម្ពុជាជម្នះរាល់ឧបសគ្គទាំងនោះ ដើម្បីរៀបចំការបោះឆ្នោតមួយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដើម្បីផ្តល់ឱកាស ដល់ប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន ជ្រើសរើសមេដឹកនាំ និងបន្តរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។

ប៉ុន្តែក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលកំពុងរត់ចោលស្រុកគេចខ្លួនពីបទល្មើស និងលក់ក្បាលឱ្យប្រទេស រួមនឹងចៅហ្វាយនាយរបស់ពួកគេ បានព្យាយាមជាន់ឈ្លីសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋ និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបានរុញឱ្យក្រុមជនក្បត់ជាតិ ដឹកនាំដោយ សម រង្ស៊ី និងគូកនក្រុមបំពុលសង្គមតាមហ្វេសប៊ុក អំពាវនាវប្រជាពលរដ្ឋកុំឱ្យ ទៅបោះឆ្នោត ដែលនេះផ្ទុយទាំងស្រុងពីច្បាប់។ ពួកគេអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែពេលដែលពលរដ្ឋខ្មែរត្រៀមខ្លួន អនុវត្តសិទ្ធិបោះឆ្នោត របស់ខ្លួនស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ បែរជាមករំខាន អុកឡុក និងយកសិទ្ធិស្រប ច្បាប់របស់ប្រជាពលរដ្ឋខ្មែរទូទៅ មកជាន់ឈ្លី ដោយប្រើមនុស្សយូកូងបាតផ្សារគ្មានចំណេះដឹងមកបំពុលសង្គម និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមនេះធ្វើសកម្មភាពបំផ្លាញសិទ្ធិបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យ៉ាងសកម្មដូច្នេះហើយ កោតតែបស្ចិមប្រទេសមួយចំនួន ដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធ្វើជាមើលមិនឃើញ និងបានកាន់ជើងក្រុមជនក្បត់ជាតិ ជឿតាមការ ញុះញង់ និងបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទៀត។ ប្រសិនបើគ្មានការបង្ក្រាប និងទប់ស្កាត់ និងរំលាយគណបក្សសង្គ្រោះជាតិ ជាអង្គការចាត់តាំងបដិវត្តន៍ពណ៌ ធ្វើសកម្មភាពក្រោមបញ្ជាបរទេស ឱ្យបានទាន់ពេលវេលាទេ ម៉្លេះកម្ពុជានៅពេលនេះមិនដឹងជាក្លាយជាស៊ីរី ឬលីប៊ីទី២។

ដូច្នេះចំពោះមុខ នៃការគំរាមកំហែងនេះ ពលរដ្ឋខ្មែរត្រូវតែក្រោកឈរឡើង និងប្រកបដោយសាមគ្គី ភាពរឹងមាំប្រឆាំងនឹងការប៉ុនប៉ងបំផ្លាញជាតិកម្ពុជា ពីសំណាក់ក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយរបស់ពួកគេ។ ពលរដ្ឋខ្មែរនឹងក្រោកឈរ ការពារគ្រប់ពេលវេលានូវសិទ្ធិសេរីភាព ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នានាដោយនឹងទៅបោះឆ្នោតតាមឆន្ទៈ និងសិទ្ធិដែលខ្លួនមាន។

ពលរដ្ឋខ្មែរនឹងរឹងមាំជានិច្ច ក្នុងការការពារនូវលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅកម្ពុជា ដែលពលរដ្ឋទាំងអស់គ្នារួមនឹងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរួមគ្នាកសាង និងការពារតាំងពីដើមត រៀងមក។ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវនាំគ្នាការពារសន្តិភាព សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យដែលមាននៅពេលនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៨