(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ចំនួន៦៧គ្រួសារ រស់នៅភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឬស្សីកែវ នាថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានទទួលអំណោយមនុស្សធម៌ជាអង្ករក្នុង១គ្រួសារ ៣០គីឡូក្រាម និងថវិកា៥០,០០០រៀល ស្មើៗគ្នា ពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ថ្លែងនាឱកាសនេះ លោក ជា ពិសី បានលើកឡើងពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការចង្អុលបង្ហាញចំគោលដៅ ដើម្បីឲ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរាជួបការខ្វះខាត មានជម្ងឺ និងជួបឧបត្ថវហេតុផ្សេងៗ ឫគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតគឺមិនត្រូវមើលរំលងបានឡើយ ដែលជាការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរ និងមានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យពីមួយថ្ងៃទៅមួយថ្ងៃ ដូចសព្វថ្ងៃនេះ៕