(ក្រចេះ)៖ ហេតុការណ៍មួយបានកើតឡើង ចេញពីការផឹកស៊ីទាស់សម្តីគ្នា បង្កឲ្យមានហិង្សាដោយចេតនា ដោយជនសង្ស័យ បានយកវត្ថុរឹងវាយទៅលើជនរងគ្រោះ បង្កឲ្យមានរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្សារសាមគ្គី ភូមិសម្បទានកសកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះឈើយ ម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។ដោយឡែក ជនសង្ស័យទី១៖ ឈ្មោះសេង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ, ទី២៖ ឈ្មោះស៊យ ពន្លឺ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ អ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា, ទី៣៖ ឈ្មោះនី ឆេងលាភ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបែកបួន ឃុំនីវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អ្នកទាំង៣ ត្រូវបានឃាត់ខ្លួន ក្រោយពីកើតហេតុបាន ២ម៉ោង, និងទី៤៖ ឈ្មោះចិត្ត ភេទប្រុស (ពុំទាន់ដឹងអត្តសញ្ញាណពិតប្រាកដ) បានរត់គេចខ្លួនបាត់ស្រមោល។

នគរបាលបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះនាំគ្នាផឹកស៊ីជាមួយគ្នា ហើយបានទាស់សម្តីគ្នា កើតជាហិង្សា។ ហើយជនសង្ស័យយកវត្ថុរឹង វាយទៅលើជនរងគ្រោះ ត្រូវចំក្បាលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ដោយឡែក ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ថាននគរបាលស្រុកចិត្របុរី។ រីឯជនសង្ស័យម្នាក់ទៀត កម្លាំងនគរបាល កំពុងស្រាវជ្រាវតាមចាប់ខ្លួន មកចាត់ការតាមនីតិវិធី ផងដែរ៕