(ភ្នំពេញ)៖ នៅថៃ្ងទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូលបានរកឃើញស្ថានីយប្រេងឥន្ធនៈ ចំនួនពីរកន្លែង ស្ថិតនៅខណ្ឌខណ្ឌឬស្សីកែវ ដែលលក់ប្រេងមិនគ្រប់ចំណុះតាមកុងទ័រ និងតម្លៃរាយផងដែរ។

ការត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួននេះ ធ្វើឡើងដោយ​ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយ​លោក ញូង វ៉ែន ជាអនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ ដោយក្នុងគោលបំណង ការពារផលប្រយោជន៍សេដ្ឋកិច្ច​អ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។

លោក ញូង វ៉ែន បានថ្លែងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ ផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែងដូចជា៖ ធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រតាម ទំហំផ្សេងខុសគ្នាមានចំណុះ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត រីឯតម្លៃលក់រាយផ្អែកលើសេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្មស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។

ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាពនិងបរិមាណ ប្រេងឥន្ធនៈរបស់ស្ថានីយ០៥ទីតាំងខាងលើនេះ មាន០៣ទីតាំង មានអនុលោមភាពទាំងផ្នែក បរិមាណ និងគុណភាព, ០១ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និង០១ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និងតម្លៃលក់រាយ។

លោក ញូង វ៉ែន បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យ ឱ្យបានគ្រប់ស្ថានីយ ទាំងអស់ទូទាំងកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះស្ថានីយ/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេង ឥន្ធនៈមិនសមស្របត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឱ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធី នៃច្បាប់ជាធរមាន។

អនុប្រធាននាយកដ្ឋានរូបនេះ ក៏បានអំពាវនាវអ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដោយជ្រើសរើសក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ។

បន្ថែមពីលើនោះត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្តើមជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញ កាំកុងត្រូលប្រចាំរាជធានី-ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយបានកើតឡើង៕