(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បាន​អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ ​ដល់មន្ដ្រីនគរបាលជាតិ ចំនួន៥៦នាក់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ក្រៅពីការ​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិហើយនោះ ក៏មានការគ្រឿងឥស្សរិយយសផងដែរ ដោយរួមមាន មេដាយមាសការងារ២១, មេដាយប្រាក់ការងារ៥ និងមេដាយសំរិទ្ធការងារ៥។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បាន​ក្រើនរំលឹកដល់កម្លាំងនគរបាល​ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយជៀសឲ្យផុត ពីការដាក់វិន័យរបស់ថ្នាក់លើ ដែលកម្លាំងនគរបាលធ្វើកិច្ចការងារ ជាមួយប្រជាពលរដ្ឋប្រព្រឹត្តកំហុសឆ្គង ហើយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គម បង្កឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិ។

ការ​ដាក់តឿនពីសំណាក់អគ្គស្នងការរងនគរបាលជាតិ ក្រោយគេមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ គឺមានកម្លាំងនគរបាលមួយចំនួនតូ​ច បានធ្វើកិច្ចការងារមានកំហុសប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ហើយបានរងការបង្ហោះរូបភាព តាមបណ្តាញព័ត៌មានសង្គមកន្លងមកនេះ នូវការរិះគន់ និងប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ហើយ​មន្រ្តីនគរបាលដែល​ប្រព្រឹត្តខុសនោះ ត្រូវបានថ្នាក់លើដាក់វិន័យជាបន្តបន្ទាប់នោះហើយផងដែរ។

ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាកម្លាំងនគរបាល​ត្រូវបានការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យខាងតែបាន ក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏ធំមួយនេះ៕