(ភ្នំពេញ)៖ ការសម្តែងថ្មីចុងក្រោយ នៅសាលមហោស្រព NABA នៅណាហ្គាទី២ ដែលមានឈ្មោះថា «ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌» ឬ Viva La Colours បានទាក់ទាញទស្សនិកជនជាង ១,០០០នាក់ កាលពីចុងសប្តាហ៍មុន។

ការសម្តែងលំដាប់ពិភពលោកនេះ មានការចូលរួមសម្តែងដោយសិល្បករ សិល្បការិនីជាតិ និងអន្តរជាតិជាច្រើនរូប ដែលក្នុងនោះមានការសម្តែងសៀកបង្វិលខ្លួន លើអាកាសរបស់បងប្អូនពីរនាក់ មកពីប្រទេសអេត្យូពីក្នុងទ្វីបអាហ្រ្វិក ពីកម្មវិធី Spain’s Got Talent ដែលពួកគេទាំងពីរទទួល បានការចុចប៊ូតុងមាសពីគណកម្មការ សម្រាប់ការសម្តែងដែលគ្មានអ្នកណាធ្វើដូច។

ការសម្តែងដ៏រស់រវើកមួយទៀត គឺជាការសម្តែងរាំដោយក្រុមរាំ មកពីប្រទេសកូឡុំប៊ី ដែលពួកគេទទួលបានការទះដៃ អបអរសាទរយ៉ាងខ្លាំងពីទស្សនិកជន ។

កញ្ញា កែម ស្រីកែវ ដែលជាកញ្ញាឯកកម្ពុជា ចំណាត់ថ្នាក់លេខបីប្រចាំឆ្នាំ ២០១៧ បានឲ្យដឹងថា «ខ្ញុំពិតជារំភើបយ៉ាងខ្លាំង ដែលបានឃើញការសម្តែងរាំរបាំឡាតាំងដ៏រស់រវើកនេះ ខ្ញុំមិនធ្លាប់បានទស្សនាការសម្តែងដ៏អស្ចារ្យ ដូច្នេះទេពីមុនមក វាពិតជាប្លែកខ្លាំងណាស់»។

មួយទៀត គឺជាការសម្តែងសៀករហ័សកម្មរបស់ក្រុមសៀក Wonder Changers មកពីប្រទេសរុស្ស៊ី ដែលពួកគេអាចប្តូរសម្លៀកបំពាក់រហ័សដូចផ្លេកបន្ទោរ ខណៈការសម្តែងសៀកសន្លឹកបៀ របស់អ្នកលេងសៀកមកពីតៃវ៉ាន់ ក៏មិនធម្មតាដែរ, ការសម្តែងលំដាប់អន្តរជាតិនេះ បានធ្វើឲ្យទស្សនិកជនងើបពីកៅអី និងស្ញើចសរសើរមិនដាច់ពីមាត់។

ចំណែក លោក ដូ រីកូ ដែលជាតារាដែលទើបនឹងមានឈ្មោះ បោះសំឡេងក្នុងពិភពសិល្បៈខ្មែរ បាននិយាយផងដែរថា «វាពិតជាមិនគួរឲ្យជឿ កាលមុនខ្ញុំធ្លាប់តែឃើញតាមទូរទស្សន៍ តែឥឡូវខ្ញុំបានឃើញផ្ទាល់ភ្នែក។ ពិតជារហ័ស ពួកគេអាចប្តូរសម្លៀកបំពាក់ជាច្រើនឈុត ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ»

ការសម្តែងថ្មីស្រឡាងនេះ មានការសម្តែងចម្រុះជាច្រើន ដែលរួមមាន ការសម្តែងចម្រៀង រាំ និងសៀកជាដើមអម ជាមួយការចាក់បញ្ចាំងរូបភាពវីដេអូ នៅលើជញ្ជាំងដ៏ប្លែកភ្នែក នៅក្នុងសាលមហោស្រព 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។

សាលមហោស្រព NABA បើកឲ្យសាធារណជនទូទៅ ចូលទស្សនាការសម្តែងដោយសេរីដែលមានជាង១,០០០កៅអី សម្រាប់ការសម្តែងនីមួយៗ មកមុន បានមុន ហើយលោកអ្នកអាចនាំក្រុមគ្រួសារ និងមិត្តភ័ក្តិព្រមទាំង កូនតូចៗមកទស្សនាក៏បាន។

ទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏ប្លែក និងអស្ចារ្យនេះ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី១២ ខែសីហា នៅម៉ោង០៧៖៣០យប់ ពីរៀងរាល់ថ្ងៃពុធ ដល់អាទិត្យ នៅសាលមហោស្រព NABA នៅណាហ្គាទី២៕

ទស្សនាព្រឹត្តិការណ៍ សិល្បៈចម្រុះពណ៌ដ៏អស្ចារ្យឥតគិតថ្លៃ

ការសម្តែងសិល្បៈលំដាប់ពិភពលោកនៅ NABA