(កណ្តាល)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយពីសប្បុរសជននានា ជូនដល់មន្ទីរពេទ្យបង្អែកស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដែលចេះតែបន្តកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអគ្គបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនេះ គឺបានមក ពីការជួយឧបត្ថម្ភពីបណ្តាសប្បុរសជននានា ក្នុងការចូលរួមចំណែកលើកកម្ពស់ ការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ នៅក្នុងស្រុកល្វាឯម ដោយមិនប្រកាន់និន្នាការនយោបាយឡើយ និងបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ វិស័យសុខាភិបាលដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់ប្រជាជន។

លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកល្វាឯម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលតែងតែគិតគូរពីការលំបាក និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងស្រុកល្វាឯម និងប្តេជ្ញាប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងពង្រឹងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋគ្រប់រូបនៅក្នុងស្រុកល្វាឯម ឱ្យកាន់តែល្អប្រសើរថែមទៀត៕