(ម៉ូស្គូ)៖ ក្រុមបាល់ទាត់សាំបាប្រេស៊ីល ធ្លាប់យកឈ្នះក្រុមនៅអឺរ៉ុប ប៊ែលហ្ស៊ិក រហូតដល់ទៅ ៣ដង ពីប្រវត្តិជួបគ្នា ៤ដងមកនេះ មុនប៉ះគ្នាជាថ្មីនាម៉ោង ១យប់រំលងអាធ្រាត្រនេះនៃព្រឹត្តិការណ៍ FIFA Worl Cup 2018 នៅប្រទេសរុស្ស៊ី។

ក្រុមមកពីតំបន់អាមេរិកឡាទីនរបស់ Neymar បានយកឈ្នះប៊ែលហ្ស៊ិក ចុងក្រោយនៅ World Cup 2002 ក្នុងលទ្ធផល ២-០ និងឈ្នះ២ប្រកួត ផ្សេងទៀតក្នុងជំនួបមិត្តភាពអន្តរជាតិ ក្រៅពីធ្លាប់ចាញ់ស្ពឹកមុខ ៥-១ ម្តងដែរក្នុងមិត្តភាពអន្តរជាតិកាលពីឆ្នាំ១៩៦៣ ដោយមិនដែលលេងស្មើគ្នាឡើយ។

អតីតម្ចាស់ជើងឯក World Cup ៥សម័យកាលច្រើនជាងគេ ប្រេស៊ីល ជាក្រុមដែលបានទម្លាក់មិចស៊ិកចេញពី World Cup 2018 នៃវគ្គ១៦ក្រុមចុងក្រោយ ក្នុងលទ្ធផលបច្ចេកទេស ២-០ ស្របពេលប៊ែលហ្ស៊ិកជាក្រុមមិនទាន់ឈ្នះជើងឯកពានពិភពលោកមាន ៤ឆ្នាំម្តងនេះ បានទម្លាក់សាម៉ូរៃជប៉ុន ៣-២ នៅនាទីទីចុងម៉ោង បន្ទាប់ពីត្រូវបានក្រុមនៅអាស៊ីនាំមុខ ២-០ មុនទៅហើយក៏ដោយ។

ប្រេស៊ីល ជាក្រុមលេខ១ ចេញពីពូល E ដោយឆ្លងកាត់៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ដង និងស្មើ១ដង មិនដែលចាញ់ដោយស្មើ ១-១ ពេលប៉ះស្វីស មុនបំបាក់កូស្តារីកា ២-០ និងចុងក្រោយឈ្នះស៊ែប៊ី ២-០ ខណៈក្រុមបិសាចក្រហម ប៊ែលហ្ស៊ិក បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ចេញពីពូល G លេង៣ប្រកួតមិនដែល ចាញ់ ដោយបានបំបាក់ប៉ាណាម៉ា ៣-០ មុនទៅឈ្នះទុយនេស៊ី ៥-២ និងចុងក្រោយឈ្នះអង់គ្លេស ១-០ នៅថ្ងៃបិទបញ្ចប់ពូល៕