(កំពង់ធំ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងទឹកស្អាត (Aqua Tower) ដែលជាអំណោយរបស់ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជា និងមូលនិធិ Planet Water របស់អាមេរិក។

ទន្ទឹមនោះនឹងការថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូកាកូឡាកម្ពុជា និងមូលនិធិ Planet Water ដែលបានគាំទ្រ និងយកចិត្តទុកដាក់រៀបចំគំរោងទឹកស្អាត AquaTower នៅកម្ពុជា លោក ទិត ចន្ថា បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមគ្នាថែរក្សាប៉មទឹកស្អាតឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។

លោក ទិត ចន្ថា បានអះអាងថា បើនិយាយពីភាពស្អាត និងអនាម័យ គឺត្រូវផ្សារភ្ជាប់នឹងទឹក ប្រភពទឹក និងការគ្រប់គ្រងសម្អាតជាប្រចាំ ខណៈទឹកចាំបាច់សម្រាប់ដាំស្ល សម្រាប់បោក សម្អាតខោអាវ សម្រាប់ស្រោចស្រពដំណាំ សំរាប់ដំណើរការរោងចក្រសហគ្រាស។ល។ ទឹកក៏ជាវត្ថុចាំបាច់របស់សរីរាង្គរបស់មនុស្ស។

លោកថា តាមជីវវិទ្យា ប្រមាណ២/៣នៃសរីរាង្គរបស់មនុស្សបន្សំឡើងដោយសារជាតិទឹក ដូច្នេះមានន័យថា យើងទាំងអស់គ្នាត្រូវការពារប្រភពទឹកតែ ពាក្យភាសិតបុរាណបានលើកឡើងថា «ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ»

លោករដ្ឋលេខាធិការក៏បានបង្ហាញនូវសមិទ្ធផលធំៗមួយចំនួន ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុន សែន សម្រេចបាននាពេលកន្លងទៅ រួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កបរិយាកាសអំណោយផលដល់អ្នកវិនិយោគ ដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី ពង្រឹងភាពជាម្ចាស់ ភាពជាដៃគូក្នុងការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងបង្កើតប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទូទាំងប្រទេស។

លោកថា សមិទ្ធផលទាំងនោះកើតឡើងពីស្នាដៃ ឬប្រភពពីការដឹកនាំរបស់សម្តេច ហ៊ុន សែន ហើយរាល់សមិទ្ធផលធំៗ ទាំងនោះសុទ្ធសឹងតែបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ មានន័យថា ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពសម្បូរធូធារ។ ដូច្នេះយើងទាំងអស់គ្នាមិនត្រូវភ្លេចប្រភពនោះទេ ហើយត្រូវតបស្នងវិញយ៉ាងសាកសមបំផុត និងមិនលំបាកនោះឡើយ ដោយគ្រាន់តែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៃសន្លឹកឆ្នោតប៉ុណ្ណោះ។

លោក រស់ សោភា តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បានឱ្យដឹងថា កូកា-កូឡាមានមោទនភាពដែលជាផ្នែកមួយនៃសង្គមកម្ពុជា អស់រយៈពេលជាង២៥ឆ្នាំមកហើយ ហើយកូកា-កូឡាប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយនិរន្តភាព តាមរយៈគំនិតផ្តួចផ្តើមគម្រោងទឹកស្អាត។ ប៉មចម្រោះទឹកស្អាតនេះ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍប្រកបដោយនិរន្តភាពនេះ។

លោកបានបន្តថា ក្រុមហ៊ុនកូកា-កូឡា មានគោលបំណងផ្តល់ទឹកត្រឡប់ទៅសហគមន៍ និងធម្មជាតិវិញនូវបរិមាណទឹក ដែលបានប្រើប្រាស់ក្នុង ការផលិតភេសជ្ជៈសម្រេចរបស់យើង។

ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៦ និង២០១៧កន្លងទៅនេះ យើងបានសាងសង់ប៉មចម្រោះទឹកស្អាតចំនួន ៨គ្រឿង និងបានផ្តល់ទឹកស្អាតចំនួន ៤.៧លានលីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ២០,០០០នាក់៕

នាឱកាសនោះ គណៈអធិបតីបានអញ្ជើញចែកអំណោយជូនដល់លោកគ្រូ-អ្នកគ្រួចំនួន ៦០នាក់ ដោយម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល សិស្សានុសិស្ស៥០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច២ដើម បន្ទាត់១ និងថវិកា ៥ពាន់រៀល ហើយប្រជាពលរដ្ឋចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ ថ្នាំពេទ្យ TIFFY ៣បន្ទះ និងថវិកាចំនួន១ម៉ឺនរៀល៕