(ភ្នំពេញ)៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកណ្តាលទីសាធារណៈ ដោយមានអំពើហិង្សា ប្តីវាយប្រពន្ធនាវេលាម៉ោង១៖១០នាទីរសៀល ស្ថិតនៅភូមិដើមថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយពុំមានការអើពើជួយសង្គ្រោះ ស្រ្តីរងគ្រោះពីសំណាក់សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះឡើយ ពោលម្នាក់ៗបានត្រឹមតែនាំគ្នាឈរមើលតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្តីបានវាយប្រពន្ធ អស់រយៈពេលប្រហែលកន្លះម៉ោងហើយ។ ស្រ្តីគ្រោះនោះបានស្រែកឲ្យគេជួយ និងបាននិយាយថា «សូមបងប្អូនជួយផង ប្រសិនបើខ្ញុំទៅជាមួយគាត់ ប្រាកដជាគាត់សម្លាប់ខ្ញុំហើយ»

ទោះបីស្រ្តីរងគ្រោះខំស្រែកប៉ុណ្ណាក៏ដោយ ក៏គ្មាននរណាម្នាក់ហ៊ានចូលទៅជួយនោះដែរ។ ហេតុការណ៍នេះមិនមានការអន្តរាគមន៍ពីសំណាក់សមត្ថកិច្ចមូលដ្ឋានឡើយ ហើយបុរសជាប្តីបានវាយស្រ្តីរងគ្រោះរហូតសន្លប់ឈឹង និងបានលើកដាក់លើម៉ូតូ រួចបើកគេចខ្លួនបាត់ស្រមោលតែម្តង។

យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណប្តី និងប្រព​ន្ធទាំង២នាក់នោះទេ៕