(ភ្នំពេញ)៖ ដើម្បីសម្រាលបន្ទុកក្នុងការចំណាយដើម្បីព្យាបាលជំងឺធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋកម្ពុជា ក្រុមហ៊ុន Manulife  បានបង្កើតអត្ថប្រយោជន៍ថ្មីមួយដែលសម្រួលការចំណាយព្យាបាលលើជម្ងឺដូចជា ជំងឺមហារីក ជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលជាដើម។

ការប្រកាសបញ្ជូលសេវា ធានារ៉ាប់រងផ្នែកព្យាបាលជំងឺប្រភេទធ្ងន់ របស់ក្រុមហ៊ុន Manulife នេះធ្វើឡើងនារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជួយសម្រាលបន្ទុក នៃការចំណាយលើការព្យាបាល ក្នុងន័យឲ្យអ្នកជំងឺអាចផ្ដោតសំខាន់លើការព្យាបាល ឲ្យបានឆាប់ជា​សះស្បើយ។

លោក Robert Elliott​ អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន Manulife ឲ្យដឹងថា ការសម្រេចដាក់បញ្ជូលសេវាកម្មថ្មីនេះ ដើម្បី​ធានានូវសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងអត្រានៃភាពជោគជ័យ ក្នុងការព្យាបាលជំងឺកាចសាហាវរួមមាន៖ ជំងឺដាច់សរសៃឈាម ជំងឺបេះដូង និងជំងឺមហារីកជាដើម។

លោកបន្ថែមថា សេវាកម្មធានារ៉ាប់រងថ្មីនេះ ផ្ដល់ការការពារហិរញ្ញវត្ថុ ជាមួយទឹកប្រាក់រហូតដល់១០ម៉ឺនដុល្លារ ទៅលើស្ថានភាពជំងឺធ្ងន់ប្រភេទ​ ហើយនេះជាការជួយសម្រាលបន្ទុកដល់ពលរដ្ឋកម្ពុជា បានមួយចំណែកធំផងដែរ។

សូមបញ្ជាក់ថា អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងររបស់ក្រុមហ៊ុន Manulife នឹងផ្ដល់ជូនអតិថិជននូវទឹកប្រាក់ចំនួន៥០% នៃទឹកប្រាក់ត្រូវបានធានា ដែលមានតម្លៃជាសាច់ប្រាក់សរុបរហូតដល់ ២៥,០០០ដុល្លារអាមេរិកសម្រាប់ការព្យាបាល ជំងឺធ្ងន់ធ្ងរកម្រិតដំបូង។ ជាមួយគ្នានេះ បុព្វលាភរ៉ាប់រងនឹងត្រូវបានលើកលែង បន្ទាប់ពីប្រាក់សំណងករណី ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ត្រូវបានផ្តល់ជូនរួច ដែលការលើកលែងនេះត្រូវបានបង្កើតឡើង ដើម្បីជួយសម្រាលបន្ទុករបស់អតិថិជនក្នុងពេលលំបាក។

លោក Elliott បានបញ្ជាក់ទៀតថា « Manulife មានឆន្ទៈក្នុងការផ្តល់ជូន នូវដំណោះស្រាយ ការពារហិរញ្ញវត្ថុដល់អតិថិជន ហើយក៏ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ព្រមទាំងជួយកសាងអនាគតហិរញ្ញវត្ថុ ដ៏ប្រសើរជាងមុនមួយ សម្រាប់ក្រុមគ្រួសារកម្ពុជា»

សូមជម្រាបថា អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ របស់ក្រុមហ៊ុន Manulife ជាដំណោះស្រាយធានារ៉ាប់រងដំបូងគេ និងមួយគត់នៅកម្ពុជា ដែលការពារលើស្ថានភាពជំងឺកម្រិតធ្ងន់ធ្ងរចំនួន១៤ ដូចជា៖ ជំងឺមហារីកដំណាក់កាលដំបូង និងដំណាក់កាលធ្ងន់, ជំងឺបេះដូង ដាក់បញ្ជូលថ្មជំនួយបេះដូង ឬប្រើឧបករណ៍ជំនួយ ដល់ការកន្ដ្រាក់សាច់ដុំបេះដូង និងជំងឺគាំបេះដូង, ការវះកាត់ជួសជុល សសៃឈាមបេះដូង និងការវះកាត់តសសៃឈាម​បេះដូង, ការវះកាត់ដុំសសៃឈាមខួរក្បាល ឬដុំសសៃឈាមខួរក្បាលដែលមានភាពមិនប្រក្រតី និងជំងឺដាច់សសៃឈាមខួរក្បាលធ្ងន់ធ្ងរ, ការវះកាត់យកសួតមួយ​ជំហៀងចេញ និងជំងឺសួរដំណាក់កាលចុងក្រោយ, ការវះកាត់ថ្លើម និងការខូចថ្លើមដំណាក់កាលចុងក្រោយ និងការវះកាត់តម្រងនោមមួយចំហៀងចេញ និងការព្យបាលការខូចតម្រងនោម៕