(បាត់ដំបង) ៖ អគារសិក្សា១ខ្នង មាន៥បន្ទប់ តម្លៃជិត១០ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយសម្តេចក្រឡាហោម ស ខេង​ អនុប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង​ ត្រូវបានធ្វើពិធីក្រុងពលីបើក ការដ្ឋានសាងសង់ នៅអនុវិទ្យាល័យស្វាស ឃុំតាប៉ុន ស្រុកសង្កែ ក្រោមអធិបតីភាពលោក កុល វីរក្ស ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារចុះជួយឃុំតាប៉ុន។

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យស្វាស ស្ថិតក្នុងភូមិស្វាយសឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងមានការចូលរួមពីលោកឧកញ៉ា តាន់ មីសែល សមាជិកក្រុមការងារចុះជួយឃុំតាប៉ុន និងប្រតិភូអមដំណើរមួយចំនួនទៀត អាជ្ញាធរដែនដី ស្រុក ឃុំ ព្រមទាំងលោគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

លោក កុល វីរក្ស បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្ស តែងតែគិតគូរពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរជាប្រចាំ តាមរយៈការកសាងសមិទ្ធិផល លើគ្រប់វិស័យ ជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកន្លងមក និងបានធ្វើការអភិវឌ្ឍជាតិបន្តទៀត ដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបានបញ្ជាក់ថា ទោះជាសមិទ្ធិផលដែល កសាងដោយគណបក្សប្រជាជនមានច្រើនយ៉ាងក៏ដោយ តែភាពខ្វះខាតនៅតែមាន ហើយក្រុមការងារពង្រឹងមូលដ្ឋានបាន និងកំពុងបន្តធ្វើថែមទៀត ជាក់ស្តែងថ្ងៃនេះ ដើម្បីឆ្លើយតបតាមសំណូមពរ របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កន្លងមក សម្តេចក្រឡាហោម ស ខេង បានផ្តល់អគារសិក្សា១ខ្នង តម្លៃជិត១០ម៉ឺនដុល្លារអាមេរិក ហើយបានធ្វើពិធីក្រុងពិលីបើកការដ្ឋានសាងសង់អគារនេះ។ លោកថា មានគណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍ។

ក្នុងឱកាសនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា សូមកុំជឿការឃោសនារបស់ជនអគតិ ក្រុមប្រឆាំងផ្កាប់មុខ បានដើរឃោសនាតាមគ្រប់រូបភាព ប្រាប់ទៅប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត គឺជាអំពើខុសច្បាប់ ដោយបានស្រែក ធ្វើសកម្មភាពរារាំង បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ស្មើនឹងបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

លោកក៏បានអំពាវនាវទៀតថា សូមឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច និងបញ្ចេញសិទ្ធិរបស់ខ្លួនជាពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់នាំណាដែលខ្លួនពេញចិត្ត ពិសេសថ្នាក់ដឹកនាំណាដែលមានស្នាដៃដ៏ធំធេង គុណបំណាច់ គុណសម្បត្តិ បានរំដោះជាតិ បញ្ចប់សង្រ្គាម ក្រោមគោលនយោបាយឈ្នះឈ្នះ ខ្មែរតែមួយស្វែងរក និងរក្សាសន្តិភាពជូនប្រទេសជាតិ ប្រកបដោយសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ៕