(កំពង់ចាម)៖ ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ កាន់តែមានប្រសិទ្ធភាពជូនប្រជាជន និងវិស័យឯកជនក្នុងខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខិតខំពង្រឹងសមត្ថភាព និងបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ: រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ការផ្តល់សេវាសាធារណៈ ត្រូវធ្វើការកែលម្អរជានិច្ច ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់សហគ្រិន ផលិតករ និងពាណិជ្ជករ សំដៅឆ្លើយតបគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងកម្មវិធី «អភិបាលកិច្ចល្អ» ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសចូលរួមជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល​ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សា និងអាជ្ញាធរខេត្តកំពង់ចាម ពាណិជ្ជករ និងអាជីវករប្រមាណ២០០នាក់។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញមន្ត្រីមន្ទីរពាណិជ្ជកម្ម និងកាំកុងត្រូល ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បីចុះពិនិត្យគុណភាពទំនិញនៅតាមទីផ្សារ និងហាងលក់ទំនិញផ្សេងៗ សំដៅលើកកម្ពស់សុវត្ថិភាពចំណីអាហារ ព្រមទាំងចូលរួមអនុវត្តបទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់ទាក់ទិននឹងការបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាជន។

លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ចាម និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាកសាងអគាររដ្ឋបាលថ្មី សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកអគាររដ្ឋបាលថ្មីនេះ ជាមោទនភាពរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងជាសមិទ្ធផលថ្មី ដែលបង្ហាញពីវឌ្ឍនភាពនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកំពង់ចាម ដែលជាខេត្តពោរពេញដោយសក្តានុពល សម្រាប់វិស័យពាណិជ្ជកម្ម។

យោងតាមរបាយកាណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា អគាររដ្ឋបាលថ្មីដែលទើបសម្ពោធថ្ងៃនេះ បានប្រើរយៈពេលសាងសង់ប្រមាណ ៨ខែ គឺចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ដើមខែកក្កដា ឆ្នាំ២០១៨។ អគារថ្មីនេះ មានកម្ពស់ពីរជាន់ និងទំហំសរុប ២៧៦ម៉ែត្រការ៉េ ចែកចេញជាការិយាល័យធ្វើការចំនួន ៧ និងបន្ទប់ទឹកចំនួន ៣ មានបំពាក់ដោយប្រព័ន្ធទឹក ភ្លើង គ្រឿងសង្ហារឹម ម៉ាស៊ីនត្រជាក់ និងអ៊ិនធើណេតល្បឿនលឿន សម្រាប់ផ្តល់សេវាសាធារណៈជូនវិស័យឯកជន និងប្រជាជននៅក្នុងខេត្តកំពង់ចាម៕