(ភ្នំពេញ)៖ វេទិកាការងារ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែង ដែលប្រមូលផ្តុំដោយឱកាសការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយតាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានាដែលមក ប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ ។

គិតត្រឹមរយៈពេល៥ខែ ក្នុងឆ្នាំ២០១៨ ទីភ្នាក់ងារ ជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារនៅតាម មជ្ឈមណ្ឌលការងារទាំង ១១ខេត្តរបស់ខ្លួន បានចំនួន៣៥លើក ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបាន ប្រមាណ៦៧១៨នាក់ ក្នុងនោះមានអ្នកទទួលបានការងារធ្វើតាមរយៈ NEA មានចំនួន២,៨៣២នាក់ ។

ដោយឡែកសម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុនចំនួន១០ ក្នុងនោះមាន ក្រុមហ៊ុន Smart, ផាកកាហ្វេ, Kofy, Goldphnee, Godend Fx Link, CDX, Metfone, តែ អៀក ហុង អ៊ិនធើប្រាយ, Dara Pay និងក្រុមហ៊ុន ឆ្នោត KPW នឹងសហការជាមួយ NEA រៀបចំវេទិកា ការងារដោយផ្តល់ឱកាសការងារ ចំនួនប្រមាណ៥៨៧កន្លែង។ វេទិកានេះធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។

កញ្ញា នូ សុខបូរ៉ាវី និស្សិតឆ្នាំទី២ជំនាញគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្ត កំពង់ឆ្នាំង បានឲ្យដឹងថា៖ «វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ។ វេទិកានេះ ពិតជាល្អណាស់បង ព្រោះបានជួយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារ ឲ្យឆាប់ទទួលបានការងារធ្វើ។ ជាក់ស្តែងខ្ញុំមកវេទិកានេះជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិ និស្សិតឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន»។

សុខបូរ៉ាវី ចាប់អារម្មណ៍ទៀតថា វេទិកានេះនឹងកាន់តែមានភាពពេញនិយមកាន់តែច្រើនឡើងបន្ថែមទៀត ពីសំណាក់ម្ចាស់ក្រុមហ៊ុន និងអ្នកស្វែងរកការងារធ្វើ ដោយសារតែជួយដល់ក្រុមហ៊ុន ឲ្យឆាប់ទទួលបានបុគ្គលិកដែលពួកគេចង់បាន ព្រមទាំងជួយដល់អ្នកស្វែងរកការងារឲ្យទទួលបានការងារអ្វីដែលពួកគេស្រឡាញ់។

កញ្ញា សេង សុវណ្ណរស្មី ជាមន្ត្រីជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន Park Café លើកឡើងថា៖ «បច្ចុប្បន្ន ផាកកាហ្វេ មានបុគ្គលិកចំនួន៤០០នាក់ ហើយសម្រាប់ដើមឆ្នាំ២០១៨នេះ ពោលគឺត្រឹម៦ខែនេះ ផាក កាហ្វេទទួលបុគ្គលិតាមរយៈ NEA ប្រមាណជា៣០នាក់។ សេវារបស់NEAគឺពិតជាល្អមែន បានជួយ ស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានជាច្រើន។ ដោយសារតែ NEA មានបណ្តាញ ច្រើនហើយ ជាស្ថាប័នរដ្ឋ លើសពីនេះទៀតគឺជាឱកាសដែលក្រុមហ៊ុនបានផ្សព្វផ្សាយពី ឈ្មោះរបស់ក្រុមហ៊ុន ឲ្យគេបានស្គាល់កាន់តែច្រើនឡើងបន្ថែមទៀត»។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕