(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ឆ្នាំនេះក្រោមប្រធានបទ «ចូលរួមទាំអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅបរិវេណបេនឡាន ផ្សារមេមត់ ក្នុងស្រុកមេមត់។

ពិធីនេះប្រពឹត្តទៅ ក្រោមអធិបតីភាពលោក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ព្រះសង្ឃ មន្ត្រីរាជការពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដោយមានការបង្ហោះប៉េងប៉ោង និងដង្ហែក្បួនផ្សព្វផ្សាយគ្រោះថ្នាក់ដោយគ្រឿងញៀន ជុំវិញទីប្រជុំជនផ្សារមេមត់ ដើម្បីបញ្រ្ជាបឲ្យប្រជាពលរដ្ឋកាន់តែយល់ដឹងពីបញ្ហានានា ពាក់ព័ន្ធនឹងគ្រឿងញៀន។

បើតាមរបាយការណ៍ លោក គន់ សុភា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបានចំនួន ១៥០ករណី ក្នុងនោះការជួញដូរ និងរក្សាទុក ១១៩ករណី និងប្រើប្រាស់ ២៤ករណី ដោយឃាត់ខ្លូនបានសរុប ២៦៣នាក់ ស្ត្រី២៧នាក់ និងចាប់ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) បានចំនួន ៤៥៣,៧៤ ក្រាម រថយន្ត៣គ្រឿង ម៉ូតូ២០គ្រឿង ជញ្ជីងថ្លឹង៨គ្រឿង អាវុធខ្លី៣ដើម កាំបិត ដាវ រួមទាំងសម្ភារៈមួយចំនួនទៀត។

ជាមួយគ្នានោះ លោក ថោង សុគន្ធា ក៏បានធ្វើការអាននូវសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវបទបញ្ជា និងវិធានការយ៉ាងម៉ឹងម៉ាត់ ទាំង៧ចំនុច ដ៏មានសារៈសំខាន់ ដើម្បីឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ កាន់តែមានប្រសិទ្ធភាពថែមទៀត។

ថ្លែងនាឱកាសនោះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ទោះជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំបង្ក្រាបដូចភ្លៀងរលឹម និងចាប់ជនពាក់ព័ន្ធគ្រឿងញៀនផ្តន់ទារទោសជាបន្តបន្ទាប់ក្តី ក៏សកម្មភាពការចែកចាយនឹងប្រើប្រាស់ នៅតែបន្តកើតមាន ពិសេសនៅតាមជនបទ។

លោកបន្តថា តាមរយៈពិធីដែលធ្វើឡើងនាពេលនេះ គឺដើម្បីលើកកម្ពស់ការគាំទ្រពីគ្រប់មជ្ឍដ្ឋាន សំដៅបង្កើនប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងការលុបបំបាត់ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនឲ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងទឹកដីខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសផងដែរ។

ជាមួយគ្នានោះ ក្នុងនាមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លោក លី ឡេង ស្នើរដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជួយរាយការណ៍ពាក់ព័ន្ធនឹងមុខសញ្ញាទាំងប្រើប្រាស់ និងជួយដូរគ្រឿងញៀន ដល់សមត្ថកិច្ចមូលដ្ឋានដើម្បី បង្ក្រាបបានទាន់ពេលវេលា និងភូមិ-ឃុំមានសុវត្ថិភាពទាំងអស់គ្នាផងដែរ។

លោកក៏បានអំពាវនាវ ដល់មាតាបិតា អាណាព្យាបាលសិស្ស បង្កើនតាមដានការសិក្សារបស់កូនៗ និងសហការជាមួយលោកគ្រូអ្នកគ្រូ ដើម្បីដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីគ្រឿងញៀន ដែលបំផ្លាញការសិក្សា និងអនាគតរបស់ពួកគេ៕