(ឧត្ដរមានជ័យ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដ​អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយស ​ដល់មន្ដ្រីនគរបាលជាតិ ចំនួន៩១​នាក់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។

ពិធីបំពាក់ឋានន្ដរស័ក្ដិនោះរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ត្រី៦នាក់, ថ្នាក់វរសេនីយ៍ឯក៧នាក់, ថ្នាក់វរសេនីយ៍ទោ៦នាក់, ថ្នាក់វរសេនីយ៍ត្រី៨នាក់, ថ្នាក់អនុសេនីយ៍ឯក៧នាក់ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង២៩នាក់, មេដាយការពារជាតិ ថ្នាក់មាស១០នាក់ និងមេដាយការងារ១៨នាក់។​

ថ្លែងក្នុងឱកាសនោះ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាកម្លាំងនគរបាល​ត្រូវបានការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យខាងតែបាន ក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏ធំមួយនេះ។

នាយឧត្តមសេនីយ៍អគ្គស្នងការរងរូបនេះ ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បាន​ក្រើនរំលឹកដល់កម្លាំងនគរបាលក្រោមបង្គាប់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយជៀសឲ្យផុត ពីការដាក់វិន័យរបស់ថ្នាក់លើ ដែលកម្លាំងនគរបាលធ្វើកិច្ចការងារ ជាមួយប្រជាពលរដ្ឋប្រព្រឹត្តកំហុសឆ្គង ហើយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គម បង្កឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិ៕