(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋ​លេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត បានថ្លែងអំពាវនាវឲ្យពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព ដោយយើងមានសន្តិភាព និងស្ថេរ​ភាពនយោបាយ ទើបយើងទទួលបានកា​រអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ហើយលោកក៏បានអំពាវនាវឲ្យពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោកបានថ្លែង​អំពាវនាវ​​ដូចនេះ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលកសាងឡើងដោយ ​លោកឡុង តារា ប្រធានក្រុមការងារចុះជួយឃុំព្រៃគគីរ និងសមាជិកក្រុមការងារ ដែលចំណាយការសាងសង់អស់ថវិកាជាង៥ម៉ឺនដុល្លារ និង​មានប្រជាពលរដ្ឋ ចូលរួមប្រមាណជិត២,០០០នាក់។

ក្នុងឱកាសនោះ លោក ម៉ឹង ​សំផន បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដោយបាន​នាំនូវការផ្តាំផ្ញើ​សាកសួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុ​ន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ។

លោក​ ម៉ឹង សំផន បានបន្ត​ទៀតថា ​ប្រ​​​​​ទេសកម្ពុជាគឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋា​រចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត តែ​ក្នុងរយៈពេល​៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើន​ទាំងក្នុង​កម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស ដូច្នេះត្រូវរក្សាសុខ សន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពារដាច់ខាតកុំឲ្យកើតមានសង្គ្រាមជាដាច់ខាត។

លោក ម៉ឹង សំផន បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សនៅក្នុងមូលដ្ឋាន និងត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋ​ឲ្យមានជីវភាពធូធារ។

លោកបានបន្ថែមទៀតថាការងារឥឡូវបានមកដល់គៀក និងផ្ទះសម្បែង​យើងហើយ ដោយនៅខេត្តស្វាយរៀងនេះ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានរោងចក្រ សហគ្រាសជាច្រើនកន្លែង ដែលអាចស្រូបយកកម្មករបានរាប់ម៉ឺននាក់ ដូច្នេះហើយយើងត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយទៅបោះឆ្នោតជូនគណបក្សប្រជាជនក​ម្ពុ​ជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តការងារអភិវឌ្ឍប្រទេស​ ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ទៀត៕