(កំពង់ធំ)៖ ប្រជាពលរ​ដ្ឋនៅក្នុងខេត្តកំពង់ធំ នៅតែបន្តជឿជាក់លើគោលនយោបាយ និងបន្តចុះចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដោយមិនមានការបង្ខិតបង្ខំ ក្នុងពេលដែល ប្រទេសជាតិអាចរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ។

ជាក់ស្តែង នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានការប្រកាសចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន៧៧៣នាក់ ក្រោមវត្តមានជាអធិបតីភាព លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

នាឱកាសនោះ លោក សុខ លូ បានលើកឡើ​ងថា ការចុះចូលជាសមាជិករបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ គឺជាឆន្ទះពិតរបស់ប្រជាពលរដ្ឋ ដោយផ្ទាល់ ដោយមិនមានការបង្ខិតបង្ខំ ការគំរាមកំហែក ឬការផ្តល់នូវលាភសក្ការៈនោះទេ តែផ្ទុយទៅវិញវាគឺជាការមើលឃើញ និងជឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជន ជាពិសេសគឺមានការជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត នាអណត្តិទី៥កន្លងមក ហើយវាក៏មិនមែនជារឿងចៃដន្យ ស្របពេលដែលអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនោះដែរ។

លោកបានបញ្ជាក់ទៀតថា ទាំងអស់​គឺនឹងអាចឈានទៅរក ភាពជោគជ័យនៅថ្ងៃបោះឆ្នោត ដែលសមាជិករបស់គណបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសម្លេងឆ្នោត មួយសម្លេង នៃសន្លឹកឆ្នោត ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សមាជិកថ្មីរបស់គណបក្សប្រជាជន ដែលសម្រេចចិត្តមករួមរស់ជាមួយគ្នានេះ បានលើកឡើងដែរថា ការចុះចូលរបស់ពួកគាត់ធ្វើដោយស្ម័គ្រចិត្ត មិនមានជាការទិញដូរ ឬផ្តល់ជាលាភសក្ការៈអ្វីឡើយ។ ពួកគាត់បានលើកឡើងទៀងថា ក្នុងរយៈពេលកន្លងមក ការរស់នៅជាមួយគណបក្សផ្សេង ហាក់បីដូចជាមិនបានជាប្រយោជន៍ ក្នុងការទ្រទ្រង់នូវ ភូមិដ្ឋានរបស់ពួកគាត់ទាល់តែសោះ តែហាក់ដូចជា ចាញ់បោកនូវនយោបាយបោកប្រាស់ របស់មេគណបក្សទាំងនោះដោយមិនដឹងខ្លួនទៅវិញ។ ដូច្នេះពួកគាត់សូមអំពាវនាវ​​​ឲ្យបងប្អូ​នប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីគាំទ្រគណបក្សប្រជាជន ដឹកនាំប្រទេសជាតិទាំងអស់គ្នា៕