(ភ្នំពេញ)៖ លោក ប្លង់ សំណាង ចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ គ្រោងបើកសវនាការកាត់ទោសជនជាប់ចោទ ជាអតីតមន្ត្រីយោធាម្នាក់ និងអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតម្នាក់ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធសំណុំរឿងឆបោកតាមរយៈការក្លែងឯកសារ លក់ដីខ្យល់រាប់ពាន់ហិកតានៅខេត្តកំពត។ នេះបើយោងតាមមន្រ្តីសាលាឧទ្ធរណ៍ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

ការបើកសវនាការកាត់ទោស ជនជាប់ចោទទាំង២នាក់ខាងលើនេះ បន្ទាប់ពីលោក យ៉េត ចរិយា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្តឹងឧទ្ធរណ៍ ប្រឆាំងសេចក្តីសម្រេចរបស់លោក កូយ សៅ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយបានសម្រេចផ្តន្ទាទោស ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាមន្រ្តីយោធាមុនការចាប់ខ្លួន និងឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ចំនួន៤បទចោទប្រកាន់ ដោយដាក់ពន្ធនាគារ២ឆ្នាំ អនុវត្តទោសត្រឹមតែ៦ខែ។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ លោក យ៉េត ចរិយា និងលោក ចែ សុង ជាតំណាងអយ្យការកាន់សំណុំរឿង បានសម្រេចដាក់ពាក្យប្តឹង ឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេច នៃសាលក្រមរបស់លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែយល់ឃើញថា លោក កូយ សៅ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ជនជាប់ចោទ២នាក់ មិនសាកសមនឹងទោសកំហុសរបស់ពួកគេ ដែលបានប្រព្រឹត្តលើពលរដ្ឋស្លូតត្រង់ ហេតុនេះហើយ ទើបព្រះរាជអាជ្ញា ក្នុងនាមជាអ្នកជួយពលរដ្ឋរងគ្រោះ សម្រេចចិត្តប្តឹងឧទ្ធរណ៍តែម្តងទៅ។

នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទទាំង២នាក់ខាងលើ បានបដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។ ដោយពួកគេទាំងពីរនាក់ បាននាំគ្នាឆ្លើយដាក់ឈ្មោះ នាក់ វិចិត្រ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាត់ទៅហើយ ឲ្យមកទទួលខុសត្រូវ ចំពោះមុខច្បាប់ជំនួសពួកគេដែលជាមនុស្សរស់។

បើទោះជាក្រុមជនជាប់ចោទបានបដិសេធ និងច្រានឲ្យខ្មោចមកទទួលខុសត្រូវជំនួសយ៉ាងណាក្តី ក៏នៅក្នុងសវនាការ គេមិនឃើញមានសាក្សី ឬភស្តុតាង ដោះបន្ទុកដែលក្រុមជនជាប់ចោទ អាចយកមកបង្ហាញតុលាការ និងសាធារណជនឲ្យ ជឿជាក់លើការអះអាងរបស់ពួកគេ ថាជាការពិតនោះទេ។

ជនរងគ្រោះបានឲ្យដឹងថា ពួកគាត់បានដាក់ភស្តុតាងយ៉ាងរឹងមាំ ជូនតុលាការក្រុងភ្នំពេញ រួមមាន៖ លិខិតក្លែងក្លាយ ដែលក្រុមជនជាប់ចោទប្រើប្រាស់ ដើម្បីឆបោកពួកគាត់ ដោយថែមទាំងមាន លិខិតកោសលវិច្ច័យរបស់អគ្គស្នងការនគរបាលជាតិថា លិខិតមានស្នាមមេដៃ ត្រាអាជ្ញាធរទាំងនោះ ជាលិខិតក្លែងក្លាយពិតមែន។

លើសពីនេះ ជនរងគ្រោះក៏មានឯកសារបញ្ជាក់ថា ក្រុមជនជាប់ចោទពិតជា បានទទួលប្រាក់ខ្លួនតាមរយៈសែកជាច្រើនសន្លឹក ដែលមានទឹកប្រាក់សរុប៨០ម៉ឺនដុល្លារ ដើម្បីទិញដីសរុបចំនួន៨០០៥ហិកតា នៅខេត្តកំពត យ៉ាងពិតប្រាកដ ប៉ុន្តែដីទាំងអស់ គឺមានតែលើក្រដាសឯកសារក្លែងក្លាយ ដែលក្រុមជនជាប់ចោទផលិតឡើង ចំណែកដីជាក់ស្តែងគ្មានទេ ពោលគឺដីទាំងនោះ ជាដីខ្យល់។

បើយោងតាមកំណត់ហេតុធ្វើកោសលវិច្ច័យ របស់សមត្ថកិច្ចជំនាញ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ជូនតុលាការយ៉ាងច្បាស់ថា ឯកសារទិញលក់ដីចំនួននៅខេត្តកំពត ដែលជនជាប់ចោទឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន យកទៅប្រើប្រាស់ ដើម្បីឆបោកជនរងគ្រោះនោះ គឺពិតជាបានក្លែងបន្លំស្នាមមេដៃ ពលរដ្ឋជាម្ចាស់ដីហត្ថលេខា និងត្រាអាជ្ញាធរមូលដ្ឋានប្រាកដមែន៕