(មណ្ឌលគិរី)៖ កូនឈើចម្រុះ និង​ឈើហូបផ្លែគ្រប់ប្រភេទចំនួន១៥០០ពាន់​ដើម ត្រូវបាន​អាជ្ញាធរ​ខេត្តមណ្ឌលគីរី មន្ត្រីរាជការ​ លោក​គ្រូ អ្នកគ្រូ ​ប្រជាពល​រដ្ឋរួម ​និងសិស្សានុសិស្ស បានរៀបចំដាំនៅទីតាំព្រលានយន្តហោះក្នុងទីធ្លាសួនច្បារ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ​​នៅព្រឹកថ្ងែទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីអបអរសាទរពិធីរុក្ខទិវា៩ កក្កដា ឆ្នាំ២០១៨។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទិវាហត្ថកម្មដាំដើម​ឈើជា​ប្រពៃណី​ជាតិ​ ហៅថា បុណ្យរុក្ខទិវា ត្រូវបានប្រារព្ធធ្វើឡើងនៅទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំទូទាំងប្រទេស សំ​ដៅធានា​នូវការ​គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្ដភាព និងមានផលប្រយោជន៍​សម្រាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួម​ទាំង​ការអភិរក្សជីវៈ​ចម្រុះ និងមរតកវប្បធម៌ ពិសេសអាចបង្កើតបាន​នូវម្លប់បៃតងឡើងវិញធ្វើឱ្យ​ទីក្រុង​ស្អាត។

លោក សុង ឃាង បានបញ្ជាក់ទៀតថា «ផែនការឆ្នាំ២០១៨នេះ យើង​ដាំកូនឈើចំនួន១០០០ដើម មានប្រភេទកូនឈើ បេង, គ្រញូង, នាងនួន, គគី និងឈើទាល ហើយខណ្ឌរដ្ឋបាលព្រៃឈើ ធ្វើការបែងចែកកូនឈើចំនួន១ពាន់ដើម ដាំនៅក្នុងទីធ្លាសួនច្បារចំនួន៥០០ដើមទៀត សម្រាប់ចែកជូនប្រជា​ពល​រដ្ឋ និងស្ថាប័នផ្សេងៗទៀត យក​ទៅដាំតាមលំ​នៅ​ដ្ឋាន​​រៀងៗខ្លួន ដើម្បីជាការបំផុសចលនា ដល់គូរស្រករថ្មី​ឱ្យដាំកូនឈើ ក្នុងម្នាក់​មួយដើមក្នុងពេល​ប្រារព្វ​អាពាហ៍ពិពាហ៍​ដើម្បី​ទុកជា​អនុ​ស្សាវរីយ៍ផងដែរ»

ជាមួយគ្នានេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ការដាំដើមឈើពិតជាមានប្រយោជន៍ណាស់ ដូចនេះ​ប្រជាពលរដ្ឋយើងទាំង​អស់គ្នា ​សូមចូលរួមដាំដុះកូនឈើ រក្សាការពារ និងស្រឡាញ់ព្រៃឈើស្រឡាញ់ជីវចម្រុះ សត្វព្រៃដើម្បីប្រែក្លាយ​តំបន់រស់នៅ ឱ្យមាន​គម្របព​ណ៌បៃតង ​ស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជា​មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

លោកអភិបាលខេត្ត​ បានបញ្ជាក់បន្ថែមទៀតថា ការបាត់បង់ព្រៃឈើ និងគម្របព្រៃឈើ​បណ្តាល​ឱ្យតំបន់យើងទទួលរងការគំរាមកំហែង ពីធម្មជាតិដូចនេះ យើងត្រូវនាំគ្នាបញ្ឈប់ការកាប់ រានដុតឈូសឆាយដីព្រៃ​ឈើ ធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឱ្យបានច្រើន រួមទាំងឈើហូបផ្លែផងដែរ៕