(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្នាក់ការបក្សឃុំថ្មពូន បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយ មេគ្រសារបក្សប្រជាជនចំនួន៥៥៤នាក់ មកពី៥ភូមិ ក្នុងចំណោម១១ភូមិ ក្នុងឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ដាំ វុទ្ធី អនុប្រធានក្រុមការងារទី១ ស្រុកកញ្ចៀច និងលោក ស៊ូ សាវុធ អនុប្រធានក្រុមការងារស្រុក ជាតំណាងនាយឧត្តសេនីយ៍​ នេត សាវឿន នេត សាវឿន ប្រធានក្រុមទី១ ស្រុកស្វាយអន្ទរ និងស្រុកកញ្ចៀច និងអមជាមួយ ប្រធានក្រុមការងារទទួលឃុំ មេបក្សឃុំ មេសាខា អនុសាខាបក្សគ្រប់ភូមិទាំង១១ក្នុងឃុំ។

ក្នុងឱកាសនោះ លោក ដាំ វុទ្ធី បានផ្តាំផ្ញើ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេសក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកញ្ចៀច និងស្រុកស្វាយអន្ទរ ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំក៏ដូចជា ទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។

លោកបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ជាច្រើនអាណត្តិកន្លងមក បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដោយចាប់ផ្តើមកសាងពីបាតដៃទរទេគំនរផេះផង់ បន្សល់ពីរបប ប៉ុល ពត មករុងរឿងដូចសព្វថ្ងៃ ពិសេសអាណត្តិទី៥នេះ ហេដ្ឋារចនាសម្ព័ន្ធមាន៖ ផ្លូវ ថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន សាលាសង្កាត់ មានកាន់តែច្រើន កាន់តែទំនើប និងនៅជិតមូលដ្ឋានរបស់បងប្អូនទៀតផង។

បន្ថែមពីនេះទៀត លោកក៏បានសូមការអភ័យទោសពីការខ្វះខាត របស់មន្ត្រីរាជការនៅមូលដ្ឋាន ដែលបម្រើសេវាជូនប្រជាពលរដ្ឋ មិនបានល្អ និងរាល់អំពើឆ្គាំឆ្គងទាំងឡាយទាំងចេតនាក្តី អចេតនាក្តី ព្រមទាំងបានណែនាំមន្ត្រីឲ្យចុះជាប់ ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។

ចុងបញ្ចប់ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា សន្តិភាព ស្ថេរភាពនយោបាយ ព្រោះសន្តិភាពនេះ មានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ និងសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងជួយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរបស់នៅតាមខ្នងផ្ទះ រាប់ទាំងសាច់ញាតិរបស់ខ្លួនផងដែរ ឲ្យបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដោយមិនត្រូវជឿតាមការញុះញង់របស់បុគ្គលមួយចំនួននោះឡើយ ដែលឃោសនាមិនឲ្យបងប្អូនទៅបោះឆ្នោត។

នាឱកាសនោះលោក ដាំ វុទ្ធី បានផ្តល់បំពង់ទឹកក្តៅជាអំណោយលោក នេត សាវឿន ជូនដល់មេគ្រសារបក្សចំនួន០១បំពង់/មួយគ្រួសារបក្សផងដែរ។

បន្ទាប់ពីកម្មវិធីនេះ ក្រុមការងារបន្តយកបំពង់ទឹកក្តៅចុះតាមផ្ទះមេគ្រួសារបក្ស នៅសល់មិនបានមកចូលរួមចំនួន០៦ភូមិបន្តទៀត ដោយបានប្រគល់ដល់មេគ្រួសារបក្សសរុប២៨៩៦ក្នុងឃុំថ្មពូន៕