(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស​ ប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌមានជ័យ នៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨ នៅទីស្នាក់ការគណបក្សសង្កាត់ ស្ទឹងមានជ័យ២ បានធ្វើពិធីសំណេះសំណាល ជាមួយសមាជិករបស់ គណបក្សសង្គ្រោះជាតិ ដែលសុំរួមរស់ជីវភាពនយោបាយជា មួយសមាជិកគណបក្សកម្ពុជាចំនួន៣៧៥នាក់ ។

ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារគណះបក្សរាជធានីចុះជួយតាមមូលដ្ឋានសង្កាត់ក្នុងខណ្ឌមានជ័យ រួមទាំងលោកប្រធាន អនុប្រធានគណះបក្សខណ្ឌ និងលោក ប្រធានគណះបក្សសង្កាត់ទាំង៧ចូលរួមក្នុងពិធី បញ្ចូលសមាជិកបក្សថ្មីនាឱកាសនេះដែរ ។

សមាជិក សមាជិកា ដែលបានផ្ទេរជីវភាពរបស់គណះបក្សសង្គ្រោះជាតិមករួម រស់ជីវភាពនយោបាយជាមួយគណះបក្ស ប្រជាជន សរុបចំនួន ៣៧៥នាក់ រួមមាន សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន ៦៣នាក់, សង្កាត់ស្ទឹងមានជ័យទី ២៨នាក់, សង្កាត់បឹងទំពន់ទី១ ១៥នាក់, សង្កាត់បឹងទំពន់ទី ២ ចំនួន ២២០នាក់, សង្កាត់ចាក់អង្រែក្រោម ១៥នាក់, សកម្មជន ផ្លក ចយ ៣៤នាក់ ។

ក្នុងពិធីពិធីសំណេះសំណាលនាពេលនេះ លោក ប៉ា សុជាតិវង្ស ប្រធានគណៈបក្សរាជធានីភ្នំពេញ បានលើកឡើងថាបងប្អូន ដែលបានចុះចូលជាសមាជិក ចំនួន ៣៧៥ នាក់ តាមមូលដ្ឋានសង្កាត់ ក្នុងខណ្ឌមានជ័យ នាពេលនេះ គឺជាឆន្ទះពិតប្រាកដរបស់បងប្អូនដោយផ្ទាល់ ដោយមិនមានការបង្ខិតបង្ខំ ឬមានការគំរាមកំហែងក៏ដូចជាការផ្តល់នូវ លាភសក្ការនោះទេ តែផ្ទុយទៅវិញ បងប្អូនបានមើលឃើញ និង ជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋមាន ការជឿជាក់លើសម្តេចតេជោ ដែលជា ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ចាប់តាំងពីអណត្តិទី១រហូតអណត្តិទី៥ និងអណត្តិបន្តៗទៀត។

លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ការចូលជាសមាជិកថ្មី របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានមួយដែលអាចឈានទៅរកភាពជោគជ័យយ៉ាងលើសលប់នៅថ្ងៃបោះឆ្នោតខាងមុខ ពីព្រោះថាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ម្នាក់ៗគឺជាសម្លេងឆ្នោត មួយសម្លេង នៃសន្លឹកឆ្នោតដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះដែរ សមាជិកថ្មីរបស់គណបក្សប្រជាជន បានឡើងប្តេជ្ញាចិត្តថា « ពួកយើងទាំងអស់គ្នា បានសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជននាពេលនេះ គឺពួកខ្ញុំទាំងអស់គ្នាចូល ស្មគ្រ័ចិត្តចូលដោយខ្លួនឯង មិនមានការទិញដូរ ឬក៏មាននរណាម្នាក់មកផ្តល់លាភសក្ការះជូនដល់ពួកខ្ញុំឡើយ ។ ដោយពួកខ្ញុំបានមើលឃើញអស់រយៈកាលកន្លងមក ដែលពួកខ្ញុំបាន រួមរស់ជាមួយគណបក្សផ្សេង ហាក់បីដូច មិនមានផលប្រយោជន៍ ក្នុងការទ្រទ្រង់ ក្នុងមូលដ្ឋានរបស់ពួកខ្ញុំទាល់តែសោះ ម្យ៉ាងវិញទៀតពួកខ្ញុំទាំងអស់គ្នាបានចាញ់បោកនូវនយោបាយបោកប្រាស់របស់គណបក្សទាំងនោះដោយមិនដឹងខ្លួនទៅវិញ ហេតុដូចនេះទើបពួកខ្ញុំទាំង៣៧៥នាក់ សុំមករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែករក្សាសន្តិភាព និង ការអភិវឌ្ឍន៍បន្តទៀត ។

បន្ថែមពីលើនោះ លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីគាំទ្រគណបក្សប្រជាជន ដឹកនាំប្រទេសរីកចំរើនបន្ថែមទៀត៕