(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងអំណរគុណដល់ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានជួយឧបត្ថម្ភថវិកា៥០៦លានរៀល ជួយដល់កម្មវិធី ប្រឡងសំនៀងជនពិការកម្ពុជា។

លោក ឯម ច័ន្ទមករា បន្ថែមឲ្យដឹងថា ការជួយឧបត្ថម្ភថវិកាពីសំណាក់ថ្នាក់ដឹកនាំទាំង២ ក្នុងការជួយដល់ជនមានពិការភាព នាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ដល់ជនមានពិការភាព ដោយមិនរើសអើងឡើយ។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានបន្តថា នេះមិនមែនជាលើកទី១ ឡើយ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកចិត្តទុកដាក់លើជនមានពិការភាព កន្លងមក រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច បានជួយឧបត្ថម្ភឧបករណ៍ភ្លេង និងថវិកាឧបត្ថម្ភមួយចំនួនទៀត ជួយសម្រួលដល់ការរស់នៅរបស់ជនមានពិការភាព ជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០៦លានរៀល ដល់កម្មវិធីប្រឡង សំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

ការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេនេះបានធ្វើឡើងនៅក្នុងកម្មវិធីប្រឡង សំនៀងជនពិការកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមជំរាបថា នេះជាការឧបត្ថម្ភលើកទី២ហើយ ដែលកាលពីលើកទី១ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងលើកទី២នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ សរុបថវិកាទំាំងអស់ចំនួន៥៦៥,០០០,០០០,០០០រៀល (ប្រាំរយហុកសិបប្រាំលានរៀល)៕