(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំលោក-លោកស្រី មន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌ មន្ត្រីអនុសាខាមួយចំនួន ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាអង្ករ និងថវិកា របស់កាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់ជនងាយរងគ្រោះ ចំនួន៤០គ្រួសារ ដែលមកពីតាមបណ្ដាភូមិនានា ស្ថិតក្នុងសាលាសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ នាថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ។

នាឱកាសនោះ លោក ជា ពិសី ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូប គួរបំពេញកាតកិច្ច ក្នុងការចូលរួមបោះឆ្នោតតំណាងរាស្ត្រ និតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខ ហើយធ្វើការជ្រើសរើសឲ្យបានច្បាស់លាស់ ចំពោះគណបក្សណាមួយ ដែលយើងពេញចិត្ត និងជួយយើងទាំងអស់គ្នាបាន ជួយជាតិបាន «ពោលគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា» មានលេខរៀងទី២០ ជាលេខរៀងចុងក្រោយគេងាយស្រួលចាំ ដើម្បីទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ និងដើម្បីមានឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាបន្ដទៀត។

លោក ជា ពិសី បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋគ្រប់រូប គឺមិនត្រូវបានស្លាប់ដោយអត់បាយឡើយ ពីព្រោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដាំហើយផ្ដាំទៀតឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះដោយមិនប្រកាន់ពូសសាស ពណ៌សម្បុរ ឬនិន្នាការឡើយ ឲ្យតែជាពលរដ្ឋរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវតែជួយសង្គ្រោះ៕