(ភ្នំពេញ)៖ មេបញ្ជាកា​រ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាថ្មីម្ដងទៀត បានប្រកាស និងបញ្ជាឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ ត្រូវតែការពារឲ្យខាងតែបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។

ការប្រកាសបែបនេះរបស់លោកឧត្តមសេនីយ៍​ឯក ម៉ៅ សុផាន់ ត្រូវបានធ្វើឡើងក្នុងឱកាសបិទសិក្ខាសាលាបូកសរុប និងវាយតម្លៃការងារសម្រេចបាន ប្រចាំឆមាសទី១ និងដកពិសោធន៍ការងារប្រចាំឆមាសទី២ ឆ្នាំ២០១៨ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីបញ្ជាការកងពលតូចលេខ៧០។

លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ និយាយជារួមកងយោធពលខេមរភូមិន្ទ និងនិយាយដោយឡែក កងពលតូចលេខ៧០ គឺប្ដេជ្ញាការពារដាច់ខាតសុខសន្ដិភាព ស្ថិរភាពនយោបាយដែលមាននៅពេលបច្ចុប្បន្ន ដែលបានមកពីនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ទោះបីដោយតម្លៃយ៉ាងណាក៏ដោយ គឺត្រូវការពារឲ្យខាងតែបាន ប្រឆាំងការធ្វើបដិវត្តពណ៌ដោយរូបភាពណាក៏ដោយ»

ក្នុងនោះលោកឧត្តមសេនីយ៍មេបញ្ជាការ បានដាក់ផែនការសម្រាប់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវបំពេញកិច្ចការងារក្នុងនាមជា កងទ័ពឲ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ទៅតាមតួនាទី និងភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទៅតាមជំនាញ និងកាតព្វកិច្ចរៀងៗខ្លួន។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានជំរុញឲ្យកងទ័ពទាំងអស់ ត្រូវបំពេញភារកិច្ចជាពលរដ្ឋល្អ ដោយត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុននេះ ដើម្បីបន្ដរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍរបស់កម្ពុជា។

ជាទីបញ្ចប់លោកមេបញ្ជាការ ក៏បានប្រគល់ថវិកាលើកទឹកចិត្ត ដល់គ្រប់បណ្ដាវរសេនាតូច កងឯកភាពចំណុះទាំងអស់ ដែលមានបុគ្គលបំពេញការងារ បានល្អឆ្នើម ប្រចាំបញ្ជាការដ្ឋានកងពលតូចលេខ៧០ ចំនួន១២៧រូប៕