(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែកក្កដានេះ បានអញ្ជើញជាអតិបតីក្នុងការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ ដែលរៀបចំដោយក្រុមការងារកែទម្រង់ហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសហការជាមួយនាយកដ្ឋានផែនការ និងស្ថិតិ។

កម្មវិធីនេះធ្វើឡើងក្នុង គោលបំណងផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់គោលការណ៍ ណែនាំសំដៅបង្កើនប្រសិទ្ធភាព អនុវត្តកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងជួយជំរុញឱ្យមានអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ពិសេសការចំណាយ ដែលនឹងត្រូវកែលម្អគ្រប់គ្រង និងគណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានថវិកាទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្រ្តី វេង សាខុន បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជាគោលនយោបាយផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការទៅជាសមិទ្ធកម្ម និងវិមជ្ឈការ។ ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធកម្មនេះជា ប្រព័ន្ធផ្សារភ្ជាប់ការវិភាគ ថវិកាទៅនឹងសកម្មភាព ដែលជាតម្រូវការជាក់ស្តែង និងក្នុងក្របខ័ណ្ឌកម្មវិធីច្បាស់លាស់ ឆ្លើយតបនឹងគោលបំណងគោលនយោបាយអាទិភាពរបស់ក្រសួង ដើម្បីធានាថា ថវិកាពិតជាដើរតួនាទីសំខាន់ និងជាឧបករណ៍នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រកបដោយភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាពពិតប្រាកដមែន។

ក្នុងនោះលោករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះ ឲ្យសមស្របតាមយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម រួមមាន៖

១៖ គ្រប់អង្គភាពថវិកា ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍គ្រឹះ៣ គឺការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន, ការបង្កើនការផ្សារភ្ជាប់ថវិកាទៅ នឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដោយបន្តពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធី ព្រមទាំងការកែលម្អការអនុវត្ត ផែនការយុទ្ធសាស្ត្រថវិកា ស្របតាមឯកសារទស្សនទាន ស្តីពីទិសដៅយុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធថវិកា និងបង្កើនសមត្ថភាព និងការចូលរួមប្រកប ដោយភាពជាម្ចាស់ និងបុរេសកម្មរបស់អង្គភាពជំនាញ ដើម្បីធានាជោគជ័យនៃការអនុវត្តកម្មវិធីនេះ។

២៖ គ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំ និងអនុវត្តផែនការថវិកាក្នុងក្របខ័ណ្ឌ ថវិកាឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ណែនាំស្តីពី ប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃនេះ។

៣៖ ប្រធានអង្គភាពថវិកា ត្រូវមានស្មារតីទទួលខុសត្រូវ ក្នុងភាពជាម្ចាស់លើការគ្រប់គ្រង និងការអនុវត្តថវិការបស់ ខ្លួនឲ្យមានតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ គឺទាមទារឱ្យមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលខុសត្រូវ ដូច្នេះគ្រប់អង្គភាពថវិកា ត្រូវចាត់តាំងមន្ត្រីមានសមត្ថភាព ឱ្យប្រតិបត្តិប្រព័ន្ធ ពិសេសមន្ត្រីដែលយល់ដឹងអំពីបច្ចេកទេសព័ត៌មានវិទ្យា ក្នុងការតាមដាន និងវាយតម្លៃតាមប្រព័ន្ធកំព្យូទ័រ។

៤៖ ដើម្បីពង្រឹងការអនុវត្ត គោលការណ៍ណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានផែនការនិងស្ថិតិ ត្រូវត្រួតពិនិត្យកិច្ចការនេះឱ្យបានហ្មត់ចត់ សំដៅធានាថាគ្រប់អង្គភាពថវិកាទាំងអស់ អនុវត្តការរៀបចំផែនការថវិកា ការតាមដាន និងវាយតម្លៃ ទៅតាមទម្រង់ដែលបានណែនាំដាក់ឱ្យប្រើប្រាស់នេះ។

៥៖ ផែនការយុទ្ធសាស្រ្តថវិកា គឺជាយន្តការមួយនៃដំណើរការរៀបចំថវិកាកម្មវិធីកាប្រចាំឆ្នាំ ដែលបានដាក់ឲ្យអនុវត្ត ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងទិសដៅយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ដែលក្រសួងស្ថាប័ននិងអង្គភាពថវិកានីមួយៗ ត្រូវរៀបចំឲ្យបានត្រឹមត្រូវ មានតម្លាភាព និងមានគណនេយ្យភាព ក្នុងការអនុវត្តសម្រេចគោលនយោបាយ របស់ក្រសួងដែលបានដាក់ចេញ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។

៦៖ ដើម្បីជំរុញការអនុវត្ត គោលការណ៍ណែនាំ ស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតមៃ្ល ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់នោះការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ ការតាមដាន និងវាយតម្លៃ ជាគោលដៅអាទិភាពរបស់ក្រសួង។ ក្រុមការងាររៀបចំផែនការ ថវិការបស់ក្រសួង ពិសេសនាយកដ្ឋានផែនការ និងស្ថិតិនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធត្រូវខិតខំឱ្យអស់ពីសមត្ថភាព ក្នុងជំរុញការងារបណ្តុះបណ្តាល ការគាំទ្របច្ចេកទេស ការរៀបចំឲ្យមានការតាមដាន វាយតម្លៃ និងការរៀបចំរបាយការណ៍បានទៀងទាត់ និងមានភាពច្បាស់លាស់ និងការចុះទៅជួយដល់អង្គភាពថវិកាទាំងនោះ ជាការចាំបាច់បំផុត៕