(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីគណបក្សនយោបាយចំនួន២០ ក្រុមអ្នកនយោបាយនៃខ្មោចគណបក្សសង្គ្រោះជាតិ រួមនឹងអង្គការសង្គមស៊ីវិល ដែលងប់នឹងក្រុមប្រឆាំង បានបង្ហាញនូវផែនការទុច្ចរិតរបស់ខ្លួន ជាបន្តបន្ទាប់ក្នុងចេតនារំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតនេះ។

នៅប៉ុន្មានថ្ងៃកន្លងទៅនេះ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ អតីតមន្ត្រីជាន់ខ្ពស់នៃខ្មោចបក្សសង្គ្រោះជាតិ ត្រូវបានប្រភពព័ត៌មាន ទម្លាយឱ្យដឹងថា បានរៀបចំកិច្ចប្រជុំមួយ នៅទីតាំងផ្ទះមួយក្រោយវត្តមហាមន្ត្រីក្នុងរាជធានីភ្នំពេញ ដោយប្រមូលក្រុមយុវជន ចំនួន១២ នាក់ដែលគេឱ្យឈ្មោះថា ជាតារាហ្វេសប៊ុករបស់ខ្មោចបក្សសង្គ្រោះជាតិ មកប្រជុំគ្នា។ កិច្ចប្រជុំដែលយុវជនម្នាក់ក្នុងចំណោម១២ នាក់នោះលួចបង្ហើបឱ្យដឹងថា គឺធ្វើឡើងដើម្បីរៀបចំផែនការបំផ្លាញការបោះឆ្នោតខាងមុខស្របតាមផែនការរបស់ មេចលនាឧទ្ទាមសង្គ្រោះជាតិ សម រង្ស៊ី។

ប្រភពយុវជនដដែលបានឱ្យដឹងថា ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាអ្នកដើរតាមនយោបាយ សម រង្ស៊ី ចូលរួមក្នុងការបំផ្លាញរបបរាជានិយមនៅកម្ពុជា បានដាក់ផែនការដល់យុវជនទាំង ១២រូបឱ្យស្រាវជ្រាវរកនូវឯកសារទាំងឡាយដែលបានផ្សព្វផ្សាយនៅអំឡុងពេល នៃការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ និងព្រឹត្តិការណ៍បាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត មកធ្វើការផ្សព្វផ្សាយឡើងវិញ ដើម្បីប្រឆាំងនឹងការបោះឆ្នោត។ ពួកគេត្រៀមនឹងធ្វើសកម្មភាពក្នុងការបំផុសរឿងទំនាស់ដីធ្លី និងដើរញុះញង់ប្រជាពលរដ្ឋដែល មានទំនាស់ដីធ្លីកុំទទួលយកនូវដំណោះស្រាយដែលរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធសម្រេច និងបន្តផ្សព្វផ្សាយញុះញង់ នៅតាមបណ្តាញទំនាក់ទំនងសង្គមឱ្យបានច្រើន។

ជាមួយគ្នានេះ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានណែនាំឱ្យក្រុម យុវជនញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ជាពិសេសប្រឆាំងនឹងជនជាតិ វៀតណាម ~ អ្នកវិនិយោគចិន និងផលិតផលពី ប្រទេសវៀតណាមនិងចិនជាដើម។ ល។

ពួកគេក៏ត្រៀមនឹងបង្ហោះរូបភាព ដែលពួកគេធ្លាប់បានទៅញុះញង់ ដើម្បីបង្កើតឱ្យមានជាបាតុភាព ហឹង្សានៅតាមព្រំដែនជាមួយវៀតណាមផងដែរ និងការបង្កើតពាក្យចចាមអារាម និងប្រឌិតព័ត៌មានមិនពិត អំពីថាមានជនជាតិវៀតណាមទៅហែរក្បួនឃោសនាបោះឆ្នោត និងទៅបោះឆ្នោត ក៏ដូចជាការប្រឌិតថាទឹកខ្មៅប្រើប្រាស់សម្រាប់ការបោះឆ្នោតអាច លប់បានភ្លាមៗផងដែរ ជាពិសេសការផលិតនូវព័ត៌មានក្លែងក្លាយផ្សេងៗចោទប្រកាន់មកលើថ្នាក់ដឹកនាំ និងគណបក្សកាន់អំណាចដឹកនាំដោយ លោកនាយករដ្ធមន្ត្រីហ៊ុន សែន ជាទំរង់ថា ជាការបែកធ្លាយព័ត៌មាននេះព័ត៌មាននោះ ។ល។

គោលដៅសំខាន់ដែលទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ណែនាំឱ្យក្រុមយុវជនជាតារាហ្វេសប៊ុកទាំង ១២ រូបនៃ ខ្មោចបក្សសង្គ្រោះជាតិនោះ កម្រើកឡើង នូវសកម្មភាពអវិជ្ជមាននេះ គឺដើម្បីប្រឆាំង បង្ខូច និងបំផ្លាញនូវដំណើរការបោះឆ្នោត ហើយទិសដៅចុងក្រោយ គឺញុះញង់ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត។

ទង្វើរបស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ គឺជាការចូលរួមសមគំនិតជាមួយទណ្ឌិត សម រង្ស៊ី ប្រឆាំងទាំងស្រុង ទៅនឹងព្រះរាជសារព្រះមហាក្សត្រខ្មែរ និងក៏ជាផែនការចូលរួមប្រមាថ ព្រះចេស្តាព្រះមហាក្សត្រខ្មែរដែល សំណុំរឿងនេះ ទណ្ឌិត សម រង្ស៊ី បាននិងកំពុងប្រឈមមុខច្បាប់។

សមត្ថកិច្ចគួរតែតាមដាន និងស៊ើបអង្កេតលើផែនការទុច្ចរិតនេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបក្រុមជនក្បត់ជាតិទាំងនេះ ការពារសិទ្ធិប្រជាពលរដ្ឋ និងការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា៕

ដោយ៖ ពល ពានរិន្ទ

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៨